អាហារមួយចំនួនអាចបណ្ដាលឱ្យបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមរបស់អ្នកកាន់តែអាក្រក់ឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬចៀសវាងទទួលទានអាហារទាំងនោះសិន! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរ ឬមិនគួរទទួលទានកំឡុងពេលមានបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម ៖

  • អ្វីដែលគួរចៀសវាង ឬប្រយ័ត្នក្នុងការទទួលទាន

១. គ្រឿងស្រវឹង

មិនត្រឹមតែអាចបង្កការរលាកដល់ក្រពះប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់ផ្លោកនោមរបស់អ្នកផងដែរ ពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាឆ្លងមេរោគក្នុងផ្លោកនោម។ ដូច្នេះដើម្បីជាការប្រសើរចូរផ្អាកទទួលទានគ្រឿងស្រវឹង។

២. កាហ្វេអ៊ីន

កាហ្វេអ៊ីនអាចបង្កើនលឿននៃលំហូរឈាមទៅកាន់តែផ្នែកដែលកំពុងទទួលរងផលប៉ះពាល់។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន។

៣. សាច់ក្រហម

អាហារនេះអាចបង្កើនកម្រិតនៃជាតិអាស៊ីតនិងបាក់តេរីក្នុងរាងកាយ។

៤. សាច់កែច្នៃនិងអាហារហឹរ

អាហារទាំងនេះអាចបង្កការរលាកក្នុងផ្លោកនោមនិងបង្កើនកម្រិតជាតិអាស៊ីតក្នុងរាងកាយដែលបង្កើតបរិយាកាសឱ្យបាក់តេរីងាយលូតលាស់។

៥. ស្ករ

អ្នកក៏គួរកម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ នេះក៏ព្រោះតែបាក់តេរីមួយចំនួនប្រើប្រាស់ស្ករជាអាហារ។

  • អ្វីដែលគួរព្យាយាមទទួលទាន

 ១. ទឹក

អ្វីដំបូងបំផុតដែលអ្នកត្រូវធ្វើនៅពេលជួបប្រទះបញ្ហារលាកផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិពុល និងបាក់តេរីដែលបង្កឱ្យមានការឈឺចាប់។ ការទទួលទានទឹក មានប្រសិទ្ធិភាពខ្ពស់បំផុតមួយទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោម ដូច្នេះដើម្បីជៀសផុតពីបញ្ហាតម្រងនោម អ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។

២. ម្នាស់

ម្នាស់ជាប្រភពនៃអង់ស៊ីម Bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយអាការៈនៃបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមបានយ៉ាងប្រសើរ។

៣. យ៉ាអួរ

បាក់តេរីប្រូបាយអូទិកក្នុងយ៉ាងអួរមានឥទ្ធិពលជួយក្នុងការទប់ស្កាត់បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមបានយ៉ាងប្រសើរ។ ការទទួលទានយ៉ាអួរយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ជួយកាត់បន្ថយហានិភ័យនៃបញ្ហាតម្រងនោមបានខ្ពស់គួរឱ្យកត់សម្គាល់។

៤. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C

រូបមន្តបែបធម្មជាតិដ៏ងាយមួយទៀតទប់ទល់បញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីន C ធ្វើឱ្យទឹកនោមកាន់តែមានជាតិអាស៊ីតខ្ពស់ដែលរារាំងការរីកលូតលាស់នៃបាក់តេរីក្នុងផ្លូវបង្ហូរនោម។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C ផងដែរ។

៥. បន្លែផ្លែឈើពណ៌ស្វាយ

អត្ថប្រយោជន៍ផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានអាហារពណ៌ស្វាយ គឺការទប់ស្កាត់បញ្ហាឆ្លងមេរោគតាមផ្លូវបង្ហូរនោមមិនឲ្យកើតមានឡើង។ នេះ គឺដោយសារតែសារធាតុ anthocyanins ដែលមានវត្តមានក្នុងអាហារពណ៌ស្វាយ បង្ការបាក់តេរីដូចជា E.coli មិនឲ្យតោងជាប់នឹងជញ្ចាំងនៃបំពង់បង្ហូរនោម។ អ្នកកាន់តែទទួលទានអាហារពណ៌ស្វាយច្រើនប៉ុណ្ណា ភាគរយសុវត្ថិភាពជៀសឆ្ងាយពីបញ្ហាទាក់ទងនឹងផ្លូវបង្ហូរនោមកាន់តែច្រើនប៉ុននោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង