​នេះ​គឺជា​សំណួរ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​តែងតែ​ចោទសួរ​។ ខណៈពេលដែល​ការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ជា​ទៀងទាត់​គឺជា​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ធ្វើ ប៉ុន្តែ​ក៏​មិន​មាន​ស្ត្រី​ច្រើន​ដឹង​អំពី​ការ​ពិគ្រោះ​ជាមួយ​ពេទ្យ​ធ្មេញ​ដែរ​។ វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ទៅឲ្យ​ពេទ្យធ្មេញ​ពិនិត្យ​សុខភាព​ធ្មេញ​។ នេះ​ដោយសារ​តែ វា​មិន​ត្រឹមតែ​អាច​ជួយ​ថែរក្សា​សុខភាព​មាត់​ធ្មេញ  ឬ​សម្អាត​ធ្មេញ​ទេ តែ​ក៏​ជួយ​តាមដាន​រកមើល​បញ្ហា​មាត់​ធ្មេញ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ដែរ​។

​មិន​ខ្វល់​ថា​វា​គឺជា​ការ​មាន​ផ្ទៃពោះ​ដោយ​ការគ្រោងទុក ឬ​អត់​ទេ តែ​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការលូតលាស់​របស់​ទារ​ក ព្រោះ​សរីរាង្គ​ជាច្រើន​របស់​គេ​កំពុងតែ​ចាប់ផ្តើម​កើត​ហើយ​។ ដូច្នេះ​វត្តមាន​នៃ​អ្វីៗ​ពី​ខាងក្រៅ​ចូល​ក្នុង​ខ្លួន អាច​បណ្តាលឲ្យមាន​បញ្ហា​ក្អួតចង្អោ​បាន​។ ជាមួយគ្នានេះដែរ ក្នុងពេល​មាន​ផ្ទៃពោះ ការប្រែប្រួល​អ័រម៉ូន​មួយចំនួន​ដែល​កើតឡើង​ក្នុង​រាងកាយ​អាចធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​អញ្ចាញ​ធ្មេញ ឬ​ការបង្ក​រោគ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​របស់​កូន​បាន​។ បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា​ដោយសារ​តែ​ការបង្ក​រោគ​ណាមួយ​មែន វា​នឹង​អាច​ចូល​ទៅក្នុង​ឈាម និង​បង្ក​រោគ​ដល់​ទារក​ថែមទៀត​។ ដូច្នេះ សម្រាប់​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់រូប​ត្រូវតែ​ប្រាកដថា ពួកគេ​ចៀស​ឆ្ងាយ​ពី​ការបង្ក​រោគ​គ្រប់​ប្រភេទ ជាពិសេស​ការបង្ក​រោគ​ក្នុង​ឈាម​តែម្តង​។ ចំពោះ​ការប្រើ​ថ្នាំ​វិញ​ក៏​ត្រូវ​ចៀសវាង​ដែរ​។

បើសិនជា​ពេទ្យធ្មេញ​ណែនាំ​ឲ្យធ្វើ​តេស្ត​អ្វីមួយ គួរតែ​ធ្វើ​ក្នុង​ត្រីមាស​ទី​ពីរ​វិញ ព្រោះ​វា​ជា​ដំណាក់កាល​មាន​សុវត្ថិភាព​សម្រាប់​ការងារ​មាត់​ធ្មេញ​។ ដើម្បី​ចៀសវាង​ផលវិបាក​ផ្សេងៗ យក​ល្អ​គួរតែ​ព្យាយាម​ដុសធ្មេញ​មួយថ្ងៃ​ពីរដង ប្រើ​អំ​ពោះ​រូស​ធ្មេញ និង​ទឹក​ខ្ពុរមាត់​ផង​។ អ្នក​អាច​លាង​សម្អាត​មាត់​តាមរយៈ​ការ​បៀម​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​ដើម្បី​បង្ការ​ការបង្ក​រោគ​នៅ​មាត់​ធ្មេញ​៕