ជំងឺ​លើ​ទ្វារមាស​ស្ត្រី​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា ការបង្ក​រោគ​ក្នុង​ទ្វារមាស​ដោយសារ​បាក់តេរី ឬ Bacterial Vaginosis ឃើញថា​មាន​ភាព​ញឹកញាប់​ណាស់​លើ​មនុស្ស​ស្រី​។ យ៉ាងណាមិញ វា​ក៏​ស្រួល​ព្យាបាល​ដែរ​គ្រាន់តែ​ប្រើ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើសិនជា​មិន​បាន​ព្យាបាល​ទេ វា​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​កាមរោគ និង​បង្ក​បញ្ហា​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទៀត​។

​ជំងឺ​នេះ​ដែរ ភាគច្រើន​កើតឡើង​លើ​ស្ត្រី​អាយុ​ពី ១៥ ទៅ​៤៤​ឆ្នាំ​។ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​ស្ត្រី​គ្រប់​វ័យ​ដែរ ទោះបីជា​អ្នក​មិន​ធ្លាប់​រួមភេទ​ក៏ដោយ​។ អ្នក​ទំនងជា​មាន​ការប្រឈមមុខ​កាន់តែ​ខ្ពស់​ទៀត​បើសិនជា​៖

​. មាន​ដៃគូ​រួមភេទ​ថ្មី​
​. មាន​ដៃគូ​រួមភេទ​ច្រើន​
​. ប្រើ​ផលិតផល​លាង​សម្អាត​ទ្វារមាស​ដែល​មាន​ក្លិនក្រអូប​
​. រួមភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​
​. មាន​ផ្ទៃពោះ​
​. ប្រើ​កង​ដាក់​ក្នុង​ស្បូន ជាពិសេស​បើសិន​ជា​មក​រដូវ​មិន​ទៀងទាត់​តែម្តង​។​
​ស្ត្រី​ភាគច្រើន​ក៏​មិន​មាន​រោគសញ្ញា​របស់​ជំងឺ​នេះដែរ​។ បើសិន​ជា​អ្នក​មាន​នោះ វា​អាច​ជា​៖

. ​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​មិនធម្មតា ដែល​មាន​លក្ខណៈ​ដូច​ទឹកដោះគោ ឬ​ពណ៌​ប្រផេះ​។ វា​ក៏​ប្រហែលជា​មាន​លក្ខណៈ​ដូច​ទឹក​។ ស្ត្រី​ខ្លះ​អាច​នឹង​មាន​ធំក្លិន​ដូច​ឆ្អាប​ត្រី ជា​ពិសេស​ក្រោយពី​រួមភេទ​រួច​។​
​. នោម​ក្រហាយ​
​. មាន​អារម្មណ៍​រមាស់​នៅ​ខាងក្រៅ​ទ្វារមាស​
. ការ​រលាក​ទ្វារមាស​
​. អាការៈ​ទាំងនេះ​ប្រហែល​ជា​ស្រដៀង​គ្នា​នឹង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​ដែរ​។ ដូច្នេះ​ដើម្បី​ដឹង​ច្បាស់​ថា វា​ជា​អ្វី​ឲ្យ​ប្រាកដ យក​ល្អ​គួរតែ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ និង​ព្យាបាល​៕