ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយបង្កើនចលនាពោះវៀន
ទប់ស្កាត់អាការៈទល់លាមក ៖
១. បន្ថែមខ្លាញ់ល្អក្នុងរបបអាហារ
ចលនាពោះវៀនមិនស្រួល រួមជាមួយលាមករឹងពិបាកបញ្ចេញមកក្រៅជាសញ្ញាមួយនៃការទទួលទានអាហារមិនត្រឹមត្រូវ ឬទឹកមិនគ្រប់គ្រាន់។ រំញោចរក្សាសុខភាពប្រព័ន្ធរំលាយអាហារបស់អ្នកដោយការបន្ថែមខ្លាញ់ល្អៗក្នុងរបបអាហារ។ ខ្លាញ់ជួយសម្រួលចលនាពោះវៀន ហើយនៅពេលទទួលទានជាប្រចាំវានឹងទប់ស្កាត់បញ្ហាទល់លាមក។ អ្នកអាចទទួលទានប្រេងអូលីវសុទ្ធ ១ ស្លាបព្រាបាយនៅពេលព្រឹកមិនទាន់ទទួលទានអ្វី។ ក្រៅពីត្រីសម្បូរខ្លាញ់ អ្នកក៏មិនគួរភ្លេចទទួលទានផ្លែឈើនិងបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ធម្មជាតិផងរួមមានផ្លែបឺរ គ្រាប់ធញ្ញជាតិ សណ្ដែកសៀងជាដើម។
២. ទទួលទានអាហារសម្បូរជាតិទឹក
ទឹក គឺចាំបាច់ណាស់សម្រាប់ជួយសម្រួលចលនាពោះវៀន។ ដូច្នេះក្រៅពីទទួលទានទឹក អ្នកក៏គួរផ្ដោតសំខាន់លើអាហារដែលមានផ្ទុកទៅដោយជាតិទឹករួមមានផ្លែឈើ និងស៊ុបជាដើម។ ចៀសវាងអាហារក្រៀមៗនិងស្អិតខាប់ខ្លាំង។
៣. ចៀសវាងទទួលទានអាហារឆៅច្រើន
អាហារឆៅពិបាកនឹងរំលាយ ហើយត្រូវការរយៈពេលយូរដើម្បីបំបែកជាហេតុនាំអោយមានបន្ទុកលើប្រព័ន្ធរំលាយអាហារ។ អាហារយូរបំបែកប៉ុណ្ណា វាកាន់តែឆ្លងកាត់ពោះវៀនយឺតប៉ុននោះដែរ ហើយបាត់បង់ជាតិទឹក។ ជាលទ្ធផលលាមកនឹងប្រែជារឹងពិបាកបញ្ចេញ។
៤. ព្យាយាមទទួលទានអាហារសម្បូរទៅដោយជាតិសសៃ
ជាតិសសៃមានប្រសិទ្ធិភាពជួយសម្រួលដល់ការរំលាយអាហារនិងបន្ទន់លាមក ក៏ដូចជាកាកសំណល់ឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានឆាប់រហ័ស។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ គឺគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើស្រស់។
៥. រក្សាភាពសកម្មនៃរាងកាយ
ភាពអសកម្មនៃរាងកាយពិតជាអាចបង្កើនហានិភ័យនៃអាការៈទល់លាមក។ ប្រសិនបើចលនាពោះវៀនអ្នកហាក់ដូចជាមិនប្រសើរ អ្នកចាំបាច់គួរធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ហើយ៕