បញ្ហាបេះដូងជាកត្តាចម្បងបំផុតមួយនៃការកើនឡើងអត្រាមរណៈភាពក្នុងពិភពលោក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនថាអ្នកស្ថិតក្នុងវ័យប៉ុន្មាន ឬភេទអ្វីក៏នៅតែអាចប្រឈមមុខនឹងហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល ៖
១. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
មិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ! ត្រឹមតែការដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃក៏ប្រសើរចំពោះសុខភាពបេះដូងណាស់ទៅហើយ។ ការជិះកង់ក៏ជាលំហាត់ប្រាណដ៏ល្អផងដែរ! ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អដែលសុទ្ធតែជាកត្តាសំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុតហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។
២. ឈប់ជក់បារី
បញ្ឈប់ការជក់បារីនិងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។ ការជក់បារីជះផលប៉ះពាលដល់សសៃឈាមដែលបង្កគ្រោះថ្នាក់សុខភាពបេះដូងគួរឱ្យបារម្ភ។ ដូច្នេះនៅពេលឈប់ជក់បារីហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
៣. រក្សាសម្ពាធឈាមប្រក្រតី
អ្នកគួរទិញប្រដាប់វាស់សម្ពាធឈាម ហើយឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន។ ប្រសិនបើមានភាពមិនប្រក្រតីកើតឡើងកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៤. គ្រប់គ្រងស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងបំផុតមួយនៃបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។ ស្ត្រេសបន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ហើយថែមទាំងបណ្ដាលឱ្យរាងកាយបង្កើនការផលិតអ័រម៉ូន cortisol និង epinephrine ដែលបង្កបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់នេះហើយជាមូលហេតុទូទៅបំផុតនៃជំងឺបេះដូង។
៥. ចៀសវាងប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
ធ្លាប់ដឹងទេថាការប្រើប្រាស់ថ្នាំដោយខ្លួនឯងជះឥទ្ធិពលមិនល្អគួរឱ្យបារម្ភចំពោះមុខងារនៃរាងកាយទាំងមូល ក៏ដូចជាសុខភាពបេះដូងនិងបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល? ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានថ្នាំដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
៦. ប្រកាន់ខ្ជាប់របបអាហារសុខភាពល្អ
របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងបេះដូង។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ៗឱ្យបានច្រើន ចៀសវាងអាហារកែច្នៃ គ្រឿងស្រវឹង និងអាហារដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ។
បេះដូងរបស់អ្នក គឺជាសរីរាង្គសកម្មបំផុតមួយក្នុងរាងកាយ។ វាធ្វើការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ ដូច្នេះការរក្សាឱ្យបាននូវសុខភាពបេះដូងល្អប្រសើរ គឺចាំបាច់ណាស់។ ចូរធ្វើលំហាត់ប្រាណជាប្រចាំ ទទួលទានអាហារសុខភាពល្អ និងព្យាយាមគ្រប់គ្រងស្ត្រេស៕