ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីគួរ ឬមិនគួរទទួលទានពេលហើមពោះ ៖
- អ្វីគួរទទួលទាន ៖
១. យ៉ាអួរ
ដើម្បីជៀសវាងបញ្ហាជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ក្នុងការទទួលទាននូវអាហារដែលមានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារដែលមានផ្ទុកជាតិប្រូបាយអូទិកដូចជា យ៉ាអួរ ជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួលដល់ដំណើរការមុខងារនៃក្រពះនៅពេលអ្នកទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន។
២. ខ្ញី
នោះក៏ព្រោះតែបន្លែមើមនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែល
ជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ខ្ញីក៏មានផ្ទុកនូវសារធាតុ zingibain ដែលជាអង់ស៊ីមមួយជួយសម្រួលដល់ការរំលាយអាហារ ហើយទទួលខុសត្រូវចំពោះការបំបែកប្រូតេអ៊ីននៅក្នុងរាងកាយនិងថែមទាំងសម្រួលដំណើរការមុខងារនៃពោះវៀនផងដែរ។
៣. ផ្លែចេក
សារធាតុប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេក គឺជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានផ្លែចេកដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។
៤. គ្រាប់ជី
មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិសសៃ រួមទាំងវីតាមីន B6 ដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាហើមពោះបានយ៉ាងប្រសើរ។
៥. ត្រសក់
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងជាតិទឹកខ្ពស់ដែលជួយធ្វើឱ្យនោមញឹក ហើយអ្នកនឹងមានអារម្មណ៍ថាមិនសូវតឹងពោះ។
- អ្វីគួរចៀសវាង ៖
១. សណ្ដែក
ទោះបីជាមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតល្អៗ ប្រូតេអ៊ីន ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗក៏ពិតមែន ប៉ុន្តែសណ្ដែកក៏ជាប្រភពនៃជាតិស្ករមួយប្រភេទដែលបង្កើនជាតិហ្គាសក្នុងពោះវៀន។ អ្នកទទួលទានសណ្ដែកច្រើនប៉ុណ្ណោះ អាការៈហើមពិបាកក្នុងពោះកាន់តែខ្លាំងឡើងប៉ុននោះ។ ការត្រាំនិងចម្អិនសណ្ដែកឱ្យឆ្អិនល្អអាចជួយទប់ស្កាត់បញ្ហាហើមពោះគួរឱ្យកត់សម្គាល់។
២. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនធម្មតាមួយចំនួនក្រោយពេលទទួលទានទឹកដោះគោ ឬអ្វីដែលផ្សំឡើងពីវានោះមានន័យថាអ្នកកំពុងចាញ់ឡាក់តូសហើយ។ ប្រព័ន្ធរំលាយអាហារគ្មានសមត្ថភាពក្នុងការរំលាយឡាក់តូសជាតិស្ករមួយប្រភេទដែលមានផ្ទុកក្នុងទឹកដោះគោ។ ជាលទ្ធផលអ្នកអាចជួបប្រទះអាការៈហើមពោះ រាគ និងលើសហ្គាស។
៣. បន្លែប្រភេទ Cruciferous
រួមបញ្ចូលទាំងស្ពៃក្ដោប ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងពន្លកផ្កាស្ពៃជាដើមសុទ្ធតែអាចបង្កបញ្ហាកើនជាតិហ្គាសលើសលុបក្នុងពោះវៀនដែលបណ្ដាលឱ្យហើមពោះ។ ទោះជាយ៉ាងណាការទទួលទានបន្លែប្រភេទ Cruciferous ដែលចម្អិនឆ្អិនអាចជួយបន្ថយអាការៈហើមពោះ។
៤. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ព្រមទាំងជាតិស្ករ fructose ដែលជាមូលហេតុអាចបង្កអាការៈហើមពោះ៕