ធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកមិនគួរមើលរំលងប្រសិនបើចង់ដុតបំផ្លាញជាតិខ្លាញ់ឆាប់រហ័សពីក្នុងរាងកាយ ៖

១. ទទួលទានតែ

កម្រិតនៃអ័រម៉ូន Cortisol នឹងត្រូវបានគ្រប់គ្រងតាមរយៈការទទួលទានតែខ្មៅនិងតែបៃតង។ អ័រម៉ូន Cortisol ទទួលខុសត្រូវចំពោះការប្រមូលផ្ដុំជាតិខ្លាញ់នៅត្រង់ផ្នែកកណ្ដាលនៃរាងកាយ។ តែបៃតងមានផ្ទុកសារធាតុ epigallocatechin ឬ EGCG ដែលអាចដុតបំផ្លាញកាឡូរីបានកាន់តែច្រើនពេញមួយថ្ងៃ។

២. ធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយងាយ​ស្តុកទុកនូវទម្ងន់ ឬជាតិខ្លាញ់ដែលលើស។ ដើម្បីស្រកទម្ងន់អ្នកគួរចាំក្នុងចិត្តថាត្រូវព្យាយាមធ្វើសកម្មភាពរាងកាយផងដោយមិនមែនគិតខ្វល់តែពីបរិមាណកាឡូរី ឬខំតែតមអាហារឡើយ។ ប្រសិនបើអ្នកមិនទាន់បានធ្វើលំហាត់ប្រាណអ្វីសោះ ចូរចាប់ផ្ដើម។ ប៉ុន្តែប្រសិនបើធ្វើហើយហាក់ដូចជាមិនបានផល ចូរព្យាយាមជ្រើសរើសលំហាត់ប្រាណដែលសមស្របបំផុត និងទុកពេលឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ដើម្បីស្ដារភាពប្រសើរឡើងវិញ។

៣. បង្កើនការទទួលទានអាហារសម្បូរវីតាមីន D

ដើម្បីពន្លឿនការស្រកទម្ងន់និងពង្រឹងសុខភាពឆ្អឹង អ្នកចាំបាច់គួរព្យាយាមរួមបញ្ចូលវីតាមីន D និងកាល់ស្យូមក្នុងរបបអាហារប្រចាំថ្ងៃ។

៤. រួមបញ្ចូលខ្ញីក្នុងរបបអាហារ

ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពដុតរំលាយជាតិខ្លាញ់កាឡូរីបានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីក៏មានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។

៥. រួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារ

ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារ គឺពិតជាល្អណាស់ដើម្បីបង្កើនការដុតបំផ្លាញកាឡូរី។ ម្យ៉ាងវិញទៀតការទទួលទានម្ទេសក្រហមក៏ជួយបន្ថយការឃ្លានអាហារផ្អែមគួរឱ្យកត់សម្គាល់ផងដែរ។ សារធាតុ capsaicin ក្នុងម្ទេសក្រហមទទួលទានខុសត្រូវបង្កើនសីតុណ្ហភាពរាងកាយដុតបំផ្លាញកាឡូរីបានកាន់តែច្រើន។

៦. បង្កើនការទទួលទានប្រូតេអ៊ីន

ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់បានប្រសើរដូចចិត្តដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង