វីរុស HPV ជាអ្នកបង្កជំងឺមហារីកមាត់ស្បូនខ្លាំងជាងគេ។ នេះដោយសារតែវាធ្វើឲ្យកោសិកាធម្មតារបស់ស្បូនក្លាយខ្លួនទៅជាមិនធម្មតា។ ដល់ពេលរយៈពេលច្រើនឆ្នាំក្រោយ វានឹងក្លាយទៅជាមហារីកចំតួតែម្តង។ 

ស្រ្តីដែលប៉ះពាល់នឹងថ្នាំឈ្មោះថា Diethylstilbestrol (DES) ក៏អាចប្រឈមនឹងមហារីកមាត់ស្បូនដែរ។ ថ្នាំនេះជាប្រភេទអ័រម៉ូនអេស្ត្រូជែនដែលគ្រូពេទ្យអាចនឹងប្រើលើស្រ្តីមានផ្ទៃពោះដើម្បីបង្ការការរលូត។ យ៉ាងណាមិញ DES មានទំនាក់ទំនងធ្វើឲ្យកោសិកានៅមាត់ស្បូន និងទ្វារមាសទៅជាមិនធម្មតាបាន។ ថ្នាំនេះក៏ត្រូវបានលុបចេញពីទីផ្សាក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៧០មកម្លេះ។ 

អ្វីទៅជា HPV?

វីរុស HPV មានទំនាក់ទំនងធ្វើឲ្យកើតមហារីកមាត់ស្បូន ព្រមទាំងកើតឬសនៅប្រដាប់ភេទ។ វាគឺជាជំងឺឆ្លងតាមការរួមភេទ ដោយអាចឆ្លងក្នុងពេលរួមភេទតាមមាត់ រន្ធគូថ និងទ្វារមាស។ ដោយយោងទៅតាម National Cervical Cancer Coalition បានឲ្យដឹងថា វីរុស HPV ធ្វើឲ្យកើតមហារីកមាត់ស្បូនរហូតដល់ ៩៩ភាគរយ។ 

វីរុស HPV មាន ច្រើនជាង ២០០ប្រភេទឯណោះ តែមិនមែនសុទ្ធតែធ្វើឲ្យកើតមហារីកមាត់ស្បូនទាំងអស់នោះទេ តែគ្រូពេទ្យរកឃើញតែពីរប្រភេទប៉ុណ្ណោះដែលបង្កជំងឺមហារីកមាត់ស្បូន។ 

ដោយយោងទៅតាម National Cancer Institute បានឲ្យដឹងថា វិរុស HPV ប្រភេទ ៦ និង ១១ អាចបង្កជាឬសក្នុងប្រដាប់ភេទរហូតដល់ ៩០ភាគរយ។ វីរុស HPV ប្រភេទទាំងនេះមិនជាប់ទាក់ទងនឹងជំងឺមហារីកទេ ហើយក៏មានការប្រឈមនឹងជំងឺមហារីកទាបដែរ។ ប៉ុន្តែវីរុស HPV ប្រភេទ ១៦ និង ១៨ឯណោះទេដែលធ្វើឲ្យប្រឈមខ្ពស់នឹងមហារីក រហូតដល់ ៧០ភាគរយ។ វីរុស HPV ប្រភេទទាំងនេះក៏អាចបង្ក៖ 

  • មហារីករន្ធគូថ
  • មហារីកមាត់និងបំពង់ក
  • មហារីកទ្វារមាស
  • មហារីកបបេរទ្វារមាស

ការបង្ករោគដោយវីរុស HPV ភាគច្រើនឆ្លងតាមការរួមភេទ។ ស្រ្តីដែលមានវីរុស HPV ក្នុងខ្លួនមិនមែនមានជំងឺមហារីកមាត់ស្បូនទាំងអស់ឡើយ។ វីរុសនេះច្រើនស្លាប់វិញដោយខ្លួនឯងក្នុងរយៈពេលចាប់ពី ២ឆ្នាំចុះក្រោមដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ យ៉ាងណាមិញ អ្នកជំងឺខ្លះប្រហែលជាបន្តមានជំងឺនេះទៀតក្រោយពីឆ្លងរួច។ 

វីរុស HPV និងមហារីកមាត់ស្បូនដំណាក់កាលភ្លាមៗមិនមែនតែងតែបង្កជារោគសញ្ញាទាំងអស់ឡើយ។ ប៉ុន្តេគ្រូពេទ្យអាចនឹងពិនិត្យរកមើលវត្តមានកោសិកាមិនធម្មតាក្នុងមាត់ស្បូនតាមរយៈតេស្ត Pap Smear៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង