ការមករដូវមិនទៀងជាបញ្ហាមួយដែលស្ត្រីជាច្រើនបានជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កត្តាចម្បងទូទៅបំផុតដែលបង្កបញ្ហានេះរួមបញ្ចូលទាំងស្ត្រេស របបនៃការទទួលទានអាហារមិនល្អ អតុល្យភាពនៃអ័រម៉ូនស្ត្រី estrogen និង progesterone ហើយសូម្បីតែការធ្វើលំហាត់ប្រាណច្រើនពេកក៏ជះផលប៉ះពាលដែរ។ ប៉ុន្តែកុំបារម្ភពេក! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារដូវមកមិនទៀង ៖
១. បង្កើនការទទួលទានបន្លែផ្លែឈើ
វាអាចទៅរួចដែលកង្វះអាហារូបត្ថម្ភជះផលឥទ្ធិពលគួរឱ្យបារម្ភលើវដ្ដនៃរដូវ។ ការព្យាយាមញ៊ាំបន្លែផ្លែស្រស់ៗឱ្យបានច្រើនអាចជួយឱ្យរាងកាយទទួលបាននូវវីតាមីននិងជាតិរ៉ែសំខាន់ៗគ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អប្រសើរ ហើយអាចដំណើរការមុខងារបានត្រឹមត្រូវ។ អ្នកក៏គួរព្យាយាមជ្រើសរើសទទួលទានបន្លែផ្លែឈើធម្មជាតិដោយវាគ្មានផ្ទុកសារធាតុគីមីដែលបង្កបញ្ហាអតុល្យភាពអ័រម៉ូន។
២. ទទួលទានសាច់ក្រហម
ក្នុងកម្រិតមធ្យមសាច់ក្រហមអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ពិសេសកំឡុងពេលឈាមរដូវធ្លាក់ខ្លាំង។ រាងកាយងាយនឹងបាត់បង់សារធាតុចិញ្ចឹមសំខាន់ ២ កំឡុងពេលមករដូវ គឺស័ង្កសីនិងជាតិដែក។ ហើយនេះជាមូលហេតុដែលអ្នកចាំបាច់គួររួមបញ្ចូលសាច់ក្រហមក្នុងរបបអាហារដោយវាជួយបង្កើនសារធាតុចិញ្ចឹមទាំងពីរឡើងវិញ។ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយ។
៣. រួមបញ្ចូលម្រះក្នុងរបបអាហារ
ល្វីងក៏ពិតមែន ប៉ុន្តែម្រះអាចជួយព្យាបាលអាការៈរដូវមកមិនទៀងបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែម្រះអាចជួយឱ្យកម្រិតនៃអ័រម៉ូនស្ត្រីមានស្ថេរភាពរក្សាភាពប្រក្រតីនៃវដ្ដរដូវ។ ម្យ៉ាងវិញទៀតបន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃស័ង្កសីនិងជាតិដែកផងដែរ។
៤. តែខ្ញី
ការទទួលទានតែខ្ញីពិតជាអាចបំបាត់អាការៈរដូវមកមិនទៀងបានគួរឱ្យកត់សម្គាល់។ ភេសជ្ជៈនេះថែមទាំងជួយបំបាត់អាការៈឈឺចាប់ពេលមករដូវទៀតផង។
៥. ព្យាយាមគ្រប់គ្រងស្ត្រេស
មួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការមករដូវមិនទៀត គឺភាពតានតឹងក្នុងអារម្មណ៍។ វាអាចនឹងពិបាកណាស់ក្នុងការចៀសឱ្យផុតពីស្ត្រេស ប៉ុន្តែអ្នកត្រូវតែព្យាយាមស្វែងរកវិធីល្អណាមួយដើម្បីទប់ទល់វា៕