​តើ​អ្នក​កំពុងតែ​បារម្ភ​អំពី​ការ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​មែន​ទេ​? តើ​អ្នក​ពិបាក​នឹង​គ្រប់គ្រង ឬ​គិត​អំពី​ការ​យំ​របស់​កូន​ក្រោយ​ពី​គេ​ចាក់​វ៉ាក់សាំង​រួច​ដែរ​ទេ​? ការចាក់​វ៉ាក់សាំង​អាចជា​រឿង​មួយ​មាន​ភាព​តានតឹង​ខ្លាំង​សម្រាប់​ឪពុកម្តាយ និង​ទារក​ផ្ទាល់ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​សម្រាប់​ទារក ថ្វីបើ​វា​អាច​ធ្វើឲ្យ​គេ​ឈឺ និង​យំ​ច្រើន​ក៏​ដោយ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​ចង់​កុំ​ឲ្យ​កូន​ឈឺ និង​យំ​ច្រើន ក្រោយពី​ចាក់​វ៉ាក់សាំង​រួច យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

ស្អំ​ទឹកកក​
បើសិន​ជា​កូន​ចេញ​ជា​ការ​ហើម ឡើង​ក្រហម ឬ​រលាក​នៅ​កន្លែង​ដែល​ចាក់​ថ្នាំ​នោះ ចូរ​យក​ថង់​ទឹកកក​មក​ស្អំ​ទៅ ព្រោះ​វា​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន​។​

បី​អង្រួន​គេ​
ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​ភ្លាម ទារក​ត្រូវកា​រការ​ថ្នាក់ថ្នម​ច្រើនជាង​អ្វីៗ​ទាំងអស់ ដូច្នេះ​គួរតែ​ព្យាយាម​បី​អង្រួន​គេ​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​បំបាត់​ការឈឺចាប់ និង​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​។​

បំ​បៅដោះ​
ការ​ដែល​ឲ្យ​កូន​បៅដោះ​អាច​នឹង​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​បាន​។ អ្នកជំនាញ​និយាយថា តារ​ក​ដែល​បៅដោះ​ក្នុងពេល​ចាក់​វ៉ាក់សាំង​មិនសូវ​យំ​ឡើយ​។

ប្រើ​វិធី​បន្លប់​
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​កូន​យំ​ខ្លាំង​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​គឺ​ធ្វើការ​បន្លប់​គេ​។ ចូរ​យក​តុក្តតា​ថ្មី​ឲ្យគេ​ចាប់​លេង ឬ​បើក​ទូរទស្សន៍​នាទី​កុមារ​ដែល​គេ​ចូលចិត្ត​ជាងគេ​៕