គ្មាននរណាចង់ឱ្យខ្លួនឯងមើលទៅចាស់ជាងវ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហានៃភាពចាស់ជាងវ័យអាចបណ្ដាលមកពីទម្លាប់មួយចំនួនដែលគ្រប់គ្នាមិនអើពើ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញប្រសិនបើចង់រក្សាបាននូវភាពក្មេងជាងវ័យ ៖
១. ការថែរក្សាស្បែកមិនបានត្រឹមត្រូវ
ស្បែកប្រែជាឆាប់ចាស់ជាងវ័យដោយសារទម្លាប់មិនល្អនៃការថែរក្សារបស់នារីៗភាគច្រើន។ ស្ត្រីមួយចំនួនលាងសម្អាតស្បែកមុខច្រើនដងពេកក្នុងមួយថ្ងៃ ខណៈដែលអ្នកខ្លះមិនលាងសម្អាតស្បែកមុខសោះ។ នារីមួយចំនួនមិនព្រមប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក ខណៈដែលអ្នកខ្លះទៀតប្រើប្រាស់ផលិតផលមិនសាកសមនឹងប្រភេទស្បែករបស់ពួកគេ។ នៅពេលទិញផលិតផលថែរក្សាសម្រស់វាជាការសំខាន់ណាស់ដែលអ្នកគួរជ្រើសរូបមន្តណាដែលសាកសមសម្រាប់ប្រភេទនៃស្បែក។ ហើយអ្នកក៏គួរពិចារណាប្រើប្រាស់ផលិតផលបែបធម្មជាតិផងដែរទើបប្រសើរ។
២. ត្រូវពន្លឺព្រះអាទិត្យច្រើនពេក
ការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។
៣. មិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតក្មេងជាងវ័យ។
៤. ការទទួលទានគ្រឿងស្រវឹងលើសកម្រិត
ក្នុងកម្រិតមធ្យមមិនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ខណៈដែលការទទួលទានលើសនេះអាចបង្កហានិភ័យនៃជំងឺនិងបញ្ហាផ្សេងៗ។ ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៥. ការជក់បារី
បារីមានផ្ទុកពោរពេញទៅដោយសារធាតុពិលរាប់ពាន់ប្រភេទដែលនៅពេលជក់វាអាចជ្រាបចូលក្នុងរាងកាយដែលមិនត្រឹមតែជះផលប៉ះពាល់ដល់សួតនិងបេះដូងប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងកូឡាជែននិងភាពតឹងណែននៃស្បែកផងដែរ។
៦. ស្ត្រេសពេក
ធ្លាប់ដឹងទេថាភាពស្ត្រេសពេកនឹងធ្វើឱ្យអ្នកឆាប់ចាស់ជាងវ័យ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសតាមរយៈសកម្មភាពណាមួយដែលអ្នកគិតថាសាកសមនឹងមានប្រសិទ្ធភាព៕