នារីបច្ចុប្បន្ននេះនិយមគូសចិញ្ចើមខ្លាំងណាស់ ព្រោះវាមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង ប៉ុន្តែការគូសចិញ្ចើមនេះចែកចេញជាពីរ ដោយមួយប្រើប៊ិចគូសចិញ្ចើម រីឯមួយទៀតគឺប្រើម្សៅដើម្បីផាត់(ប្រើជក់) ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបប្រើប៊ិចដើម្បីគូស។ តើមានវិធីបែបណាខ្លះទៅ?
- ដំបូងអ្នកត្រូវតែកំណត់កម្ពស់នៃចិញ្ចើមអ្នក ថាតើអ្នកចង់គូសវាខ្ពស់ប៉ុណ្ណា ហើយទើបយកប៊ិចគូសចិញ្ចើមនេះមកគូសថ្មមៗដើម្បីធ្វើជាសញ្ញាសម្រាប់ចំណាំ នោះអ្នកនឹងងាយស្រួលគូសបំផុត។
- បន្ទាប់មកអ្នកត្រូវយកប៊ិចនោះគូសពីកម្ពស់នៃចិញ្ចើមរហូតដល់ចុងនៃចិញ្ចើមអ្នកដោយគូសជាខ្សែមួយ។
- បន្ទាប់ពីភ្ជាប់វាជាមួយកណ្តុយនៃចិញ្ចើមរួច អ្នកត្រូវតែគូសភ្ជាប់ពីគល់នៃចិញ្ចើមមកកម្ពស់វិញម្តង។
- ពណ៌នៃគល់ចិញ្ចើមត្រូវតែស្រាល ហើយស្តើង ទើបមើលទៅមិនដូចតួល្ខោន ហើយមើលទៅមិនដូចចិញ្ចើមដែលគូស។
- ក្រោយពេលដែលគូសខ្សែភ្ជាប់គ្នារវាងគល់ កម្ពស់ និងចុងនៃចិញ្ចើមរួច អ្នកត្រូវតែយកជក់មកផាត់ថ្មមៗលើខ្សែនោះ ដើម្បីកុំឱ្យវាឃើញខ្សែនៃចិញ្ចើមនោះច្បាស់ខ្លាំងពេក ប៉ុន្តែមិនត្រូវផាត់ខ្លាំងពេកទេ ព្រោះវាអាចធ្វើឱ្យបាត់ខ្សែនោះអស់ នោះវានឹងមិនស្អាតឡើយ។
- ចុងក្រោយអ្នកត្រូវតែរំលាយពណ៌រវាងខ្សែនៃចិញ្ចើមអ្នកចូលគ្នាជាមួយពណ៌នៃចិញ្ចើម ដើម្បីអាចបញ្ចេញនូវភាពស្រស់ស្អាតរបស់ចិញ្ចើមអ្នក ដោយមានទម្រង់ត្រឹមត្រូវ និងពណ៌ស្អាតដូចធម្មជាតិ៕