​ការប៉ះទង្គិច​ខួរក្បាល គឺជា​ការ​មាន​របួស​ក្បាល​តិចតួច ដែល​ជា​ធម្មតា​មិន​បង្ក​ឲ្យមាន​ការខូចខា​ត​ខួរក្បាល​ខាងក្រៅ ឬ​ហូរឈាម​ក្នុង​ខួរក្បាល​ទេ​។ យ៉ាងណាមិញ បើសិនជា​អ្នក​មាន​ការ​ហូរ​ឈាម​នៅ​ត្រចៀក ឬ​ច្រមុះ សន្លប់ ឬ​ប្រកាច់​ក្រោយពី​មាន​របួស​ក្បាល​រួច យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​មាន​របួស​ខួរក្បាល ហើយក៏​មិនមែន​ជា​ការប៉ះទង្គិច​ធម្មតា​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​អាការៈ​មួយចំនួន​នៃ​ការប៉ះទង្គិ​ច​ខួរក្បាល ដែល​អ្នក​គួរតែ​ដឹង​ដែរ​ដូចជា​៖

ឈឺក្បាល​
វា​គឺជា​អាការៈ​ដំបូង​គេ​ក្រោយពី​មាន​របួស​នៅ​ក្បាល​។ ករណីខ្លះ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​តិចតួច​ក្នុង​ក្បាល​ក្រោយពី​មាន​របួស​រួច​។​

ក្អួត​
វា​ហាក់បីដូចជា មាន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ធំ ឬ​ក្មេង ១០​នាក់ ដែល​មាន​អាការៈ​ក្អួត​យ៉ាងហោច​ណាស់​ម្តង​ក្រោយពី​មាន​របួស​ក្បាល​រួច​។ ការ​ក្អួត​នេះ​ច្រើនតែ​កើតឡើង​ក្រោយ​ពី​មាន​របួស​ក្បាល ហើយ​ក៏​វា​មិនមែន​ជា​សញ្ញា​បញ្ជាក់ថា​មាន​របួស​ក្នុង​ខួរក្បាល​ដែរ​។ ប៉ុន្តែ​ការ​ក្អួត​ម្តង​ហើយ​ម្តងទៀត​គឺជា​មូលហេតុ​ដែល​ត្រូវ​បារម្ភ និង​ត្រូវ​ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជាបន្ទាន់​។

វង្វេងវង្វាន់​
រោគ​សញ្ញា​ផ្លូវ​ចិត្ត ជាការ​វង្វេងវង្វាន់​អាច​កើតឡើង​ដោយសារ​តែ​ការរំខាន​តិចតួច​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​ក្រោយពី​មាន​របួស​នៅ​ក្បាល​រួច​។ ដូច្នេះ ការ​វង្វេងវង្វាន់​បែប​នេះ​គឺជា​សញ្ញា​ញឹកញាប់​មួយ​នៃ​ការប៉ះទង្គិច​ខួរក្បាល​។

ហឹង​ក្នុង​ត្រចៀក​
កាលណា​មួយ​ការរំខាន​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​តិចតួច ករណី​ខ្លះ​ក៏​អាច​មាន​អាការៈមាន​សម្លេង​ហឹងៗ​ក្នុង​ត្រចៀក​ដែរ​ក្រោយ​ពី​រងរបួស​ក្បាល​រួច​។ យ៉ាងណាមិញ រឿង​នេះ​ច្រើនតែ​ស្រាកស្រាន្ត​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​នាទី​ក្រោយ​។ បើសិនជា​មិន​បាត់​វិញ​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​

វិលមុខ​
ការវិល​មុក៏​ជា​អាការៈ​ញឹកញាប់​មួយ​ដែរ​នៃ​ការប៉ះទង្គិច​ក្បាល​។ ប៉ុន្តែ​បើសិនជា​មាន​អារម្មណ៍​វិលមុខ​ខ្លាំង ឬ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕