ទម្លាប់នៃការចូលគេងទាំងសក់សើមអាចជះឥទ្ធិពលផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរគេងទាំងសក់សើម ៖

១. វាអាចបង្កការរលាកដល់ស្បែកក្បាល

ធ្លាប់មានអារម្មណ៍រមាស់និងក្រហាយស្បែកក្បាលទេ? ជាញឹកញយយើងតែងបន្ទោសថាមកពីសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅវាក៏អាចបណ្ដាលមកពីទម្លាប់នៃការគេងទាំងសក់សើមដែរ។ ជំងឺស្បែកក្បាលដូចជាអង្គែអាចកើតឡើងនៅពេលអ្នកគេងលើខ្នើយសើម! ដូច្នេះនៅពេលគេងទាំងសក់សើម ភាពសើមនិងបរិយាកាសកក់ក្ដៅអាចបង្កើនការលូតលាស់នៃបាក់តេរី។

២. វាធ្វើឱ្យសក់ជំពាក់ជាប់គ្នា

សក់សើម គឺផុយស្រួយណាស់។ ដូច្នេះប្រសិនបើអ្នកគេងមុនពេលសក់ស្ងួតនោះវាអាចបណ្ដាលឱ្យជំពាក់កំឡុងពេលគេង។ នៅពេលព្រឹកសក់នឹងប្រែជាពិបាកសិតដែលនាំឱ្យអ្នកធុញស្ត្រេសថែមទៀត។

៣. វាអាចបណ្ដាលឱ្យឈឺក្បាល

ប្រសិនបើអ្នកចូលគេងទាំងសក់ ឬក្បាលសើមនោះអ្នកប្រាកដជាងាយនឹងឈឺក្បាលពេលភ្ញាក់។ នេះក៏ព្រោះតែការគេងទាំងសក់សើមបន្ថយសីតុណ្ហភាពរាងកាយដែលបណ្ដាលឱ្យឈឺក្បាលដោយរាងកាយព្យាយាមបង្កើនកម្ដៅឱ្យប្រក្រតី។

៤. សក់មិនអាចកើនទម្ងន់

ការគេងទាំងសក់សើមជះផលប៉ះពាល់ខ្លាំងណាស់ពិសេសចំពោះសក់ដែលកំពុងស្ដើមនិងគ្មានទម្ងន់។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់កាន់តែគ្មានទម្ងន់ថែមទៀតនោះ ចូរកុំចូលគេងទាំងសក់សើម។

៥. វាបណ្ដាលឱ្យសក់បែកចុង

ទម្លាប់នៃការគេងទាំងសក់សើម គឺមូលហេតចម្បងមួយនៃបញ្ហាសក់បែកចុង។ នេះក៏ព្រោះសក់សើមមានសភាពខ្សោយការរើ ឬប្រែចុះឡើងនៅពេលគេងអាចបណ្ដាលឱ្យបែកចុង។

៦. វាអាចបណ្ដាលឱ្យរលាកស្បែក

មិនត្រឹមតែស្បែកក្បាលប៉ុណ្ណោះទេ ប៉ុន្តែការគេងទាំងសក់សើមក៏ជះផលប៉ះពាល់ដល់ស្បែករបស់អ្នកផងដែរ។ នៅពេលប្រែចុះឡើងកំឡុងពេលគេងសក់អាចជាប់លើមុខ។ សក់សើមគួបផ្សំនឹងសីតុណ្ហភាពក្នុងបន្ទប់គេងអាចបណ្ដាលបាក់តេរីដែលបង្កការរលាកដល់ស្បែកលូតលាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង