កង្វះវីតាមីន E អាចសម្គាល់ដឹងតាមរយៈអាការៈអ្វីខ្លះទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងប្រសិនបើរាងកាយខ្វះវីតាមីន E ៖

១. ស្បែកឆាប់ចាស់និងស្ងួត

តើអ្នកសម្គាល់ឃើញស្បែកហាក់ដូចជាឆាប់ចាស់ជាងវ័យជ្រីវជ្រួញ ហើយស្ងួតមែនទេ? វាដល់ពេលដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន E ហើយ។ សារធាតុចិញ្ចឹមនេះសំខាន់ណាស់ក្នុងការរក្សាសំណើមនៃរាល់កោសិកាស្បែកដើម្បីបន្ថយ ឬទប់ស្កាត់ភាពចាស់ឆាប់ជ្រួញមុនវ័យនៃស្បែក។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន E ក៏ជួយកម្ចាត់រ៉ាឌីកាល់សេរីដែលតែងជះឥទ្ធិពលដល់សុខភាពស្បែកដោយពន្លឿនភាពចាស់តាមវ័យផងដែរ។

២. ជ្រុះសក់

ប្រសិនបើសក់របស់អ្នកហាក់ដូចជាស្ដើងទៅៗ ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន E ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នេះក៏ព្រោះតែភាពរឹងមាំនៃឬសសក់ គឺអាស្រ័យលើវីតាមីន E ដែលជួយរក្សាសុខភាពស្បែកក្បាលល្អប្រសើរ។

៣. កោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ

វីតាមីន E ក៏សំខាន់ណាស់ដែរសម្រាប់រក្សាសុខភាពភ្នាសកោសិកាគ្រាប់ឈាមក្រហមការពារពីការបំផ្លាញ។ ដូច្នេះប្រសិនបើខ្វះវីតាមីន E នោះបរិមាណគ្រាប់ឈាមក៏អាចថយចុះដែរ។ ចូរប្រាកដថាអ្នកបានទទួលទានអាហារសម្បូរវីតាមីន E គ្រប់គ្រាន់ដើម្បីរក្សាបាននូវកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អនិងមានសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែន។

៤. ចំណង់ផ្លូវភេទថយចុះ

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហមនោះចំណង់ផ្លូវភេទរបស់អ្នកប្រាកដជាថយចុះខុសពីធម្មតា។ នេះក៏ព្រោះតែកង្វះវីតាមីន E បណ្ដាលឱ្យកោសិកាគ្រាប់ឈាមត្រូវខូចខាត ដូច្នេះសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែនក៏ថយចុះ ហើយលំហូរឈាមទៅកាន់ប្រដាប់ភេទក៏អាចនឹងខ្សោយជាងមុនដែលនាំឱ្យជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ។

៥. ភាពចុះខ្សោយនៃសាច់ដុំ

វីតាមីន E គឺចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទកណ្ដាល។ កង្វះវីតាមីនេះជាលទ្ធផលនៃបញ្ហា Oxidative stress ដែលអាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយ។

៦. មើលលែងសូវច្បាស់

ប្រសិនបើអ្នកជួបប្រទះអាការៈមើលឃើញលែងសូវច្បាស់ ឬពិបាកមើលឃើញនៅពេលយប់វាអាចបណ្ដាលមកពីកង្វះវីតាមីន E ហើយ។ នេះក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃវីតាមីន E ជួយការពាររ៉េទីនភ្នែកពីការខូចខាត។ ដូច្នេះប្រសិនបើមិនទទួលទានបានវីតាមីន E គ្រប់គ្រាន់ទេនោះការមើលឃើញរបស់អ្នកប្រាកដជាមានបញ្ហា៕