ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន គឺសម្រាកឱ្យបានគ្រប់គ្រាន់និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ក៏ដូចជាគន្លឹះងាយៗដែលជួយបង្កើនទឹកដោះបានយ៉ាងប្រសើរ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ ការទទួលទានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជួយរក្សាជាតិទឹកក្នុងរាងកាយដែលចាំសម្រាប់ដំណើរការនៃការផលិតទឹកដោះ។
២. ស្អំកម្ដៅ
ចរន្តឈាមហូរខ្សោយក៏ជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការផលិតទឹកដោះផងដែរ។ ទោះជាយ៉ាងណាការស្អំកម្ដៅអាចជួយសម្រួលចរន្តឈាមហូរទៅកាន់សុដន់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែង ឬក្រណាត់ស្អាតក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញខ្លះ បន្ទាប់មកស្អំម៉ាស្សាលើទ្រូង និងសុដន់ដោយសង្កត់ថ្នមៗបន្តិចផងដើម្បីជម្រុញចរន្តឈាមហូរ។
៣. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗលាយជាមួយម្សៅឈើអែម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ។ កូរឱ្យសព្វ សឹមទទួលទាន។
៤. រួមបញ្ចូលការ៉ុតក្នុងរបបអាហារ
បន្លែមើមនេះក៏ជួយបង្កើនការផលិតទឹកដោះបានយ៉ាងប្រសើរផងដែរតាមរយៈសារធាតុ beta carotene ដែលវាមានផ្ទុក។
៥. កុំភ្លេចគ្រាប់ល្ង
គ្រាប់ល្ងក៏ល្អសម្រាប់ជួយបង្កើនការផលិតទឹកដោះគួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលវាក្នុងរបបអាហារ។
៦. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការផលិតទឹកដោះ។ ទោះជាយ៉ាងត្រូវប្រាកដថាអ្នកបានជ្រើសរើសគ្រាប់ធញ្ញជាតិដែលមានផ្ទុកជាតិសូដ្យូមទាប ឬគ្មានអំបិលតែម្ដង និងមិនគួរទទួលទានលើសពីមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ៕