​ដោយ​យោង​ទៅតាម National Cancer Institute បានឲ្យដឹងថា ចំនួន​អ្នក​កើត​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មានតែ ៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក ប៉ុន្តែ​វា​នៅតែ​ជា​តួរ​លេខ​ដែល​នាំ​ឲ្យ​ស្ត្រី​ស្លាប់​ច្រើនជាងគេ​ង​ដោយសារ​មហារីក​ចំណាត់ថ្នាក់​ទី​៥​ដដែល​ក្នុង​សហរដ្ឋអាមេរិក​។

​ថ្វី​បើ​ជំងឺ​នេះ​មិនសូវ​ឃើញ​ជា​ញឹកញាប់​ក៏ដោយ ប៉ុន្តែ​អត្រា​នៃ​ការស្លាប់​ឃើញ​ថា​ខ្ពស់​ណាស់​ដោយសារតែ​មូលហេតុ​ពីរ​យ៉ាង​៖ កង្វះ​ការយល់ដឹង​ដើម្បី​រក​មើល​អាការៈ​ជំងឺ​នេះ​ឲ្យទាន់​ពេលវេលា និង​តេស្ត​ដើម្បី​រក​ជំងឺ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ខណៈពេល​នា​ពេល​ថ្មីៗ​នេះ​មិន​មាន​មធ្យោបាយ​ណាមួយ​អាច​ទាយ​ដឹងថា នរណា​ម្នាក់​នឹង​កើត​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​ក៏ដោយ ក៏​ស្ត្រី​ដែល​មាន​បញ្ហា​ហ្សែ​ន កត្តា​ដំណរ​ពូជ ឬ​ជំងឺ​មួយចំនួន​សុទ្ធតែ​ងាយ​នឹង​ប្រឈម​មុខ​ខ្លាំងណាស់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

កត្តា​ហ្សែ​ន​

  • ​ហ្សែ​ន​មហារីក​សុដន់ Breast Cancer Gene1 (BRCA1) និង Breast Cancer Gene 2 (BRCA2) អាច​បង្ក​ជា​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​រហូតដល់ ១០ ទៅ​១៥​ភាគរយ​ឯណោះ​។
  • ​ស្ត្រី​ដែល​មាន​ជំងឺមហារីក​ពោះវៀនធំ​បែប​ដំណរ​ពូជ (Nonpolyposis Colorectal Cancer, HNPCC) ក៏​ប្រហែលជា​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូ​វ៉ែ ១២​ភាគរយ​ដែរ​។
  • ​ស្ត្រី​ដែល​មាន​ចង្កោម​រោគសញ្ញា​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​និង​សុដន់​បែប​ដំណរ​ពូជ មាន​ការប្រឈមមុខ​ប្រហែល ១០ ទៅ​៤៤​ភាគរយ​ដែរ​។

​ប្រវត្តិ​គ្រួសារ​
​កាលណា​អ្នក​មាន​គ្រួសារ​ធ្លាប់​មាន​ជំងឺ​មហារីក​សុដន់ មហារីក​ក្រពេញ​អូ​វ៉ែ មហារីក​ពោះវៀនធំ និង​មហារីក​ស្បូន​ទំនងជា​ត្រូវ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែរ​ហើយ​។

អាយុ​កាន់តែច្រើន​
អត្រា​នៃ​អ្នក​កើត​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​គឺ​កើត​ខ្ពស់បំផុត​លើ​ស្ត្រី​អាយុ​ពី ៥៥ ទៅ​៦៤​ឆ្នាំ ជា​ពិសេស​ស្ត្រី​ដែល​ត្រៀម​រ៉ាំ​ង​រដូវ និង​ក្រោយ​រ៉ាំ​ង​រដូវ​។

ប្រវត្តិ​នៃ​ការ​បន្ត​ពូជ និង​ភាព​មិន​អាច​មាន​កូន​បាន​
ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូ​វ៉ែ​ហាក់បីដូចជា​មាន​ទំនាក់ទំនង​នឹង​វដ្ត​រដូវ ការ​សម្រាលកូន និង​ភាព​មិន​មាន​កូន​ដែរ​។ កត្តា​ប្រឈមមុខ​មួយចំនួន​មាន​ដូចជា​៖

  • ​ឆាប់​មក​រដូវ​ពេក (​មុន​អាយុ ១២​ឆ្នាំ​)
  • ​មិន​ធ្លាប់​សម្រាលកូន​
  • ​មាន​កូន​ដំបូង​ក្រោយ​អាយុ ៣០​ឆ្នាំ​
  • ​រ៉ាំ​ង​រដូវ​ក្រោយ​អាយុ ៥០​ឆ្នាំ​
  • ​មិន​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​
  • ​មិន​អាច​មាន​កូន​បាន ដោយ​មិន​គិត​អំពី​ការប្រើ​ថ្នាំ​ជម្រុញ​ឲ្យមាន​កូន​

​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​
​ស្ត្រី​ធម្មតា​ដែល​មិន​បាន​កាត់​ស្បូន​ចោល ហើយ​ប្រើ​ថ្នាំ​អ័រម៉ូន​ភេទ ច្រើនជាង ៥​ឆ្នាំ ឃើញថា​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ក្រពេញ​អូ​វ៉ែ​។ សម្រាប់​ស្ត្រី​ដែល​កាត់​ស្បូន​ចោល ហើយ​ប្រើ​អ័រម៉ូន​ភេទ​ច្រើន​ជង ១០​ឆ្នាំ ក៏​ធ្វើឲ្យ​ការប្រឈមមុខ​កាន់តែ​ខ្ពស់​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង