ភាគច្រើនប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីទម្លាប់ធម្មតាៗ ប៉ុន្តែអាចបង្កប៉ះពាល់ដល់សុខភាពខួរក្បាលឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះទៅដែលអាចធ្វើឱ្យអ្នកមានខួរក្បាលមិនឆ្លាតវៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពប្រចាំថ្ងៃដែលគួរបញ្ឈប់ភ្លាមប្រសិនបើចង់រក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ ៖

១. គេងមិនបានគ្រប់គ្រាន់

ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងណឺរ៉ូន ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។

២. ពិសាគ្រឿងស្រវឹងច្រើន

ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

៣. ការជក់បារី

សារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូច ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។

៤. ទម្លាប់នៃការទទួលទានមិនល្អ

ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់ប​​​ន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។ អាហារកែច្នៃក៏មិនល្អដូចគ្នា!  អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ៗឱ្យបានច្រើនជំនួសវិញ។

៥. កម្រិតស្ត្រេសនិងថប់បារម្ភខ្ពស់

នៅពេលស្ត្រេសនិងថប់បារម្ភរាងកាយចាប់ផ្ដើមបញ្ចេញអ័រម៉ូន Cortisol ដែលជះឥទ្ធិពលលើកោសិកាខួរក្បាលគួរឱ្យព្រួយបារម្ភ។

៦. ការប្រើប្រាស់ថ្នាំមួយចំនួន

ឥទ្ធិពលនៃថ្នាំមួយចំនួនជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសុខភាពខួរក្បាលនិងការចងចាំ។ ពិសេសថ្នាំងងុយគេង ថ្នាំបំបាត់ការឈឺចាប់ ថ្នាំសម្រាប់ជំងឺថប់បារម្ភ បាក់ទឹកចិត្ត និងកូឡេស្តេរ៉ូលឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំប្រភេទនេះហើយសម្គាល់ឃើញការចងចាំហាក់ដូចជាចុះអន់ខ្សោយ ចូរពិគ្រោះជាមួយគ្រូពេទ្យចៀសវាងការឈប់ប្រើដោយខ្លួនឯង៕