ការឆាប់ខឹងមួរម៉ៅអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃបញ្ហាឆាប់ខឹងមួរម៉ៅ ៖

១. គេងមិនគ្រប់

ការគេងមិនឆ្អែត ឬគ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងនិងងងុយគេងពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចម្បងដែលបង្កបញ្ហាអារម្មណ៍មួរម៉ៅឆាប់ខឹងខុសធម្មតាផងដែរ។ ធ្លាប់ដឹងទេថាអារម្មណ៍របស់អ្នកមានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និតនឹងទម្លាប់នៃការគេង? ប្រសិនបើអ្នកគេងមិនបានស្កប់គ្រប់គ្រាន់ទេនោះ អ្នកប្រាកដជាងាយនឹងឆាប់ខឹងឬមានអារម្មណ៍មិនល្អ។

២. ទម្លាប់ទទួលទានអាហារមិនល្អ

ការទទួលទានរបបអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតនិងស្ករច្រើនពេកក៏ជះផលប៉ះពាល់ដល់អារម្មណ៍របស់អ្នកគួរឱ្យកត់សម្គាល់។ នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមស្រាប់តែធ្លាក់ចុះភ្លាមក្រោយពេលទើបនឹងឡើងខ្ពស់ខ្លាំងនោះអ្នកអារម្មណ៍របស់អ្នកប្រាកដជាប្រែពីល្អទៅជាឆាប់ខឹងមួរម៉ៅមិនខានឡើយ។

៣. ទទួលទានកាហ្វេច្រើនពេក

ភាគច្រើននៃពួកយើងមានទម្លាប់ទទួលទានកាហ្វេដើម្បីបង្កើនថាមពលនិងស្វាងងងុយ។ ទោះជាយ៉ាងណាក៏ដោយកាហ្វេអ៊ីនច្រើនពេកក្នុងឈាមមិនត្រឹមតែបណ្ដាលឱ្យបេះដូងលោតញាប់ ឈឺក្បាល ញ័រដៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់អារម្មណ៍ផងដែរ។ ជាលទ្ធផលអ្នកនឹងឆាប់ខឹងមួរម៉ៅ។

៤. ការជក់បារី

ទម្លាប់នៃការជក់បារីអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរាងកាយ រួមទាំងអារម្មណ៍ទៀតផង។

៥. ស្ត្រេសពេក

គ្មាននរណាម្នាក់ដែលកំពុងស្ត្រេសខ្លាំងហើយអាចមានអារម្មណ៍ល្អប្រសើរឡើយ។ ក្រៅពីជះឥទ្ធិពលដល់អារម្មណ៍ ស្ត្រេសក៏មិនល្អចំពោះសុខភាពរាងកាយដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមស្វែងរកវិធីគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍។

៦. ជាតិស្ករក្នុងឈាមទាបពេក

មួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមទាបពេក គឺការប្រែប្រួលនៃអារម្មណ៍ដែលឆាប់ខឹងមួរម៉ៅ។ ទោះជាយ៉ាងណាវាអមមកជាមួយអាការៈផ្សេងទៀតរួមមានបែកញើសខ្លាំង ខ្សោយ ឃ្លាន ចង្អោរចង់ក្អួត និងមើលលែងសូវច្បាស់ជាដើម។

៧. ថប់បារម្ភ

គ្រប់គ្នាសុទ្ធតែដឹងហើយថាអ្នកដែលមានបញ្ហាថប់បារម្ភងាយនឹងភ័យព្រួយអំពីរឿងផ្សេងៗជាច្រើន។ ទោះជាយ៉ាងណាមានមនុស្សតិចណាស់ដែលដឹងថាការមានអារម្មណ៍ឆាប់ខឹងមួរម៉ៅក៏ជាអាការៈនៃបញ្ហាថប់បារម្ភផងដែរ។

៨. រោគសញ្ញាមុនពេលមករដូវ

នរណាទៅដែលនៅតែមានអារម្មណ៍ល្អពេលកំពុងឈឺចុកក្នុងពោះ ឈឺក្បាល ហើមពឡ ឡើងមុននិងឃ្លានអាហារខុសប្លែកនោះ? ម្យ៉ាងវិញទៀតការមករដូវក៏បណ្ដាលឱ្យអ័រម៉ូនប្រែប្រួលជះឥទ្ធិពលដល់អារម្មណ៍៕