​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​កើតឡើង​នៅពេល​ដែល​កោសិកា​របស់​ក្រពេញ​អូវ៉ែ​វិវឌ្ឈន៍​ទៅ​ជាដុំសាច់​មហារីក​តែម្ត​ង​។ មហារីក​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឃាតករ​ឈាម​ត្រជាក់ ព្រោះ​តែ​វា​មិន​មាន​បញ្ហា​រោគសញ្ញា​អ្វី​ទាំងអស់ ហើយ​ក៏​ពិបាក​ពិនិត្យ​រក​ជំងឺ​នេះ​ឲ្យឃើញ​ដែរ​។ ថ្វី​បើ​ភាគច្រើន​ជំងឺ​នេះ​កើតឡើង​លើ​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ក៏ដោយ តែ​ក៏​គេ​សង្កេតឃើញថា​កើតមាន​លើ​ស្ត្រី​វ័យ ៣០ ទៅ​៤០​ឆ្នាំ ឬ​ក្មេង​ជាង​នេះ​ផងដែរ​។  

​តាម​ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា មាន​អា​ការៈនៃ​ជំងឺ​មហារីកក្រពេញ​អូ​វ៉ែ​ដំបូង​ជា​ច្រើន​ដែល​យើង​អាច​សម្គាល់​ដឹង ហើយ​ស្ត្រី​គ្រប់រូប​ក៏​ត្រូវតែ​ដឹង​អំពី​រឿង​នេះ​ដែរ​ដើម្បី​ចាត់​វិធានការ​ការពារ ឬ​ព្យាបាល​ឲ្យទាន់​ពេលវេលា​។ អាការៈ​ទាំងនោះ​មាន​ដូច​ជា​៖

ហើមពោះ​ជាប់​រហូត​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា អ្នក​កំពុងតែ​ហើមពោះ​ជាប់ ហើយ​ញឹកញាប់​ទៀត ដែល​ករណី​បែប​នេះ​មិន​ធ្លាប់​កើត​ពីមុនមក​សោះ​នោះ វា​អាច​សញ្ញា​មួយ​នៃ​ដុំ​សាច់​មហារីក​កំពុងតែ​លូតលាស់​ហើយ​។

ឈឺ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម និង​ក្នុង​អាង​ត្រគាក​
និយាយ​ដល់​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ កន្លែង​ដែល​ឈឺ​នោះ​អាចជា ក្នុង​ពោះ តំបន់​ត្រគាក ឬ​ចង្កេះ​ផង​។ ខណៈពេល​ដែល​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​រឿង​ធម្មតា តែ​ការដែល​ឈឺចាប់​រយៈពេល​យូរ​ក្រោយ​ពី​បាត់​មក​រដូវ​ហើយ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែរ​។ រឿងនេះ​កើតឡើង​ជាពិសេស​សម្រាប់​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ​តែម្តង​។

ពិបាក​ញ៉ាំ ឬ​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា មាន​ការថយចុះ​ចំណង់​អាហារ​រយៈពេល​យូរ​ជាង ៣​សប្តាហ៍ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ខណៈពេល​ដែល​រឿង​នេះ​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ក្រពះ និង​ពោះវៀន តែ​ក៏​អាច​បញ្ជាក់​ថា​មាន​មហារីក​ដែរ​។

ត្រូវការ​នោម​កាន់តែច្រើន​
បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​ត្រូវការ​ទៅ​បន្ទប់ទឹក​ដើម្បី​នោម​កាន់តែ​ញឹកញាប់ ទោះបីជា​មិន​បាន​ញ៉ាំ​ទឹក​ច្រើន​ក៏​ដោយ​នោះ វា​អាច​ជា​សញ្ញា​ដំបូង​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែរ​។

យ៉ាងណាមិញ អាការៈ​ទាំងអស់​ខាងលើ​នេះ​ងាយ​នឹង​ច្រឡំ​នឹង​បញ្ហា និង​ជំងឺ​ផ្សេងៗ​ក្នុង​ផ្លូវ​ក្រពះ​ពោះវៀន​ណាស់​។ បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​កំពុងតែ​មាន​អាការៈ​ទាំងអស់នេះ​មែន ហើយ​មិន​ធ្លាប់​កើត​ពី​មុន​សោះ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូ​វ​ផង​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង