អ្នកអាចដោះស្រាយបញ្ហាសន្លឹកឡើងរឹងដោយសារជំងឺរលាកសន្លាក់បានយ៉ាងងាយជាមួយគន្លឹះបែបធម្មជាតិមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះទាំងនោះ ៖

១. ស្អំកម្ដៅ

គ្មានអ្វីដែលធ្វើឱ្យអាការៈរឹងសន្លាក់ពេលព្រឹកបាត់ទៅវិញបានលឿនជាងការស្អំកម្ដៅឡើយ។ នេះក៏ព្រោះតែកម្ដៅអាចជួយផ្ដល់ភាពធូរស្រាលដល់សាច់ដុំនិងជាលិកា ព្រមទាំងបំបាត់អាការៈឈឺចាប់ផងដែរ។

២. ងូតទឹកក្ដៅឧណ្ហៗ

ក្រៅពីស្អំកម្ដៅ អ្នកក៏អាចគ្រាន់តែងូតទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណាត្រូវប្រាកដថាសន្លាក់ដែលឡើងរឹងរបស់អ្នកប៉ះត្រូវនឹងទឹកសម្រាប់រយៈពេលប៉ុន្មាននាទី។

៣. ស្អំទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកមួយកញ្ចប់ក្នុងកន្សែង ឬក្រណាត់ស្អាតរួចស្អំលើសន្លាក់ដែលរឹងនិងឈឺសម្រាប់រយៈពេល ២០ នាទីជាការស្រេច។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៤. ទទួលទានតែខ្ញី

ជំនួសឱ្យការទទួលទានកាហ្វេក្ដៅៗនៅពេលព្រឹក ចូរសាកល្បងតែខ្ញីជំនួសវិញដើម្បីបំបាត់អាការៈរឹងសន្លាក់និងហើម។ នេះក៏ព្រោះតែខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។

 ៥. ទទួលទានតែរមៀត

រមៀតក៏មានមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ព្រមទាំងសារធាតុ Curcumin ដែលជួយបំបាត់ការហើម ឈឺចាប់ និងឡើងរឹងនៃសន្លាក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរមៀត ឬបន្ថែមម្ស៉ៅរមៀតក្នុងអាហារប្រចាំថ្ងៃ។

៦. ទទួលទានអាហារមានផ្ទុកសារធាតុប្រឆាំងការរលាក

អ្នកក៏គួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងការរលាកផងដែរដើម្បីបំបាត់អាការៈឡើងរឹងឈឺចាប់សន្លាក់។ ហើយក៏កុំភ្លេចទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដោយអាហារប្រភេទនេះប្រសើរណាស់ក្នុងការដោះស្រាយបញ្ហាសន្លាក់ឡើងរឹង ហើម និងឈឺចាប់។ ហើយប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែបឺរជាដើម។

៧. ធ្វើចលនា ឬក្រោកដើរ

សន្លាក់ក៏ងាយនឹងឡើងរឹងហើយឈឺចាប់ដែរប្រសិនបើអ្នកចំណាយពេលច្រើនពេកអង្គុយ ឬគេងមិនក្រោកធ្វើចលនាសោះ។ ដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ៕