​អនាម័យ​ផ្ទាល់ខ្លួន​គឺជា​រឿង​សំខាន់បំផុត ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ការ​ដែល​មាន​អនាម័យ​ល្អ​នឹង​ជួយ​ថែរក្សា​អ្នក និង​ទារក​ក្នុង​ផ្ទៃ​ចៀសផុត​ពី​ការបង្ក​រោគ មិន​ស្រួលខ្លួន និង​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​ថែម​ទៀត​។ ការ​ដែល​គ្មាន​អនាម័យ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ទារក​ដោយផ្ទាល់​បាន​។ វា​ក៏​អាច​បណ្តាលឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។

​បម្រែបម្រួល​អ័រម៉ូន​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការ​ដែល​ធំក្លិន​ខ្លួន​ខ្លាំង ទ្វារមាស​ស្ងួត ស្បែក​ស្ងួត សុទ្ធតែ​បណ្តាលមកពី​ការ​បម្រែបម្រួល​អ័រម៉ូន​នេះឯង​។

អនាម័យ​ទ្វារមាស​
​ការបង្ក​រោគ​ដោយ​បាក់តេរី​នៅ​ទ្វារមាស (Bacterial Vaginiosis, BV) ច្រើន​តែ​កើតមាន​ជា​ញឹក​ញ៉ាប់​ចំពោះ​មនុស្ស​ស្រី​។ តែ​បើ​សិន​ជា​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ វា​អាច​នឹង​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ កូន​កើត​មិន​គ្រប់​ទម្ងន់ និង​រលូត​។ ការ​នោម​ញឹក ចេញ​ទឹករំអិល​ពី​ទ្វារមាស និង​ការ​បែកញើស​អាច​បណ្តាលមកពី​កត្តា​ច្រើនយ៉ាង​។ ការ​បែកញើស​ច្រើន​ក៏​ធ្វើឲ្យ​ស្បែក​ទៅ​ជា​មានកន្ទួល​រមាស់ ដែល​បណ្តាលឲ្យ​មាន​ការបង្ករោគ​ជា​ច្រើនផ​ង​ដែរ​។ ការ​នោម​ញឹក​គឺជា​រឿង​ធម្មតា​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ ការថែរក្សា​អនាម័យ​ទ្វារមាស​ក្រោយពី​ចេញពី​បន្ទប់ទឹក​រួច​គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​ដើម្បី​ចៀសវាង​ការបង្ក​រោគ​។ ចូរ​កុំ​ប្រើ​ផលិតផល​អ្វី​ដើម្បី​សម្អាត​ឲ្យសោះ​។ អ្នក​គ្រាន់តែ​ប្រើ​សាប៊ូ​ធម្មតាៗ​ទៅ​បាន​ហើយ​។ កុំ​ភ្លេច​លាង​សម្អាត​ដៃ​ជានិច្ច​ជាមួយនឹង​ក្តៅ​ឧ​ណ្ឌៗ​ផង​។

អនាម័យ​មាត់​ធ្មេញ​
​ខណៈពេល​ដែល​អ្នក​ប្រហែលជា​មិន​មាន​ឃើញ​នូវ​ការប្រែប្រួល​ចំពោះ​សុខភាព​មាត់​ធ្មេញ​ក្នុង​ត្រីមាស​ដំបូង​ក៏ដោយ តែ​ក៏​កុំ​ភ្លេច​ប្រើ​អំបោះ​រូស​ធ្មេញ ដុស​ធ្មេញ និង​ខ្ពុរមាត់​ជាប្រចាំ​ឲ្យសោះ​។ ការថែរក្សា​មាត់​ធ្មេញ​ដោយ​ផ្ទាល់​គឺ​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ទារក​ដែរ​។ ការ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ​ជាប្រចាំ​ក៏​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ​។ យ៉ាងណាមិញ ការប្រែប្រួល​របស់​អ័រម៉ូន​ក្នុង​ខ្លួន​អាច​បណ្តាល​ឲ្យ​មាត់​ងាយ​នឹង​មាន​បាក់តេរី​រស់នៅ​ច្រើន ព្រមទាំង​កំណក​ជាច្រើន​នាំ​ឲ្យ​ហើម​អញ្ចាញធ្មេញ​បាន​។ ករណី​បែប​នេះ​ក៏​ងាយ​នឹង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​។​

អនាម័យ​សុដន់​
​ការ​លេច​ទឹករំអិល​ចេញពី​ក្បាល​សុដន់​គឺជា​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​កើតឡើង​ទេ ប៉ុន្តែ​វា​ទំនងជា​រឿង​ដែល​មិន​អាច​ចៀសផុត​ឡើយ​។ ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន ការចេញ​ទឹកដោះ​ដំបូង​ទំនងជា​កើតឡើង​នៅ​ត្រីមាស​ចុងក្រោយ ដែល​ជាហេតុ​នាំ​ឲ្យ​អ្នក​ងាយ​នឹង​មាន​ការ​រមាស់ ហើយ​អ្វី​ដែល​កម្រ​នោះ​គឺ​ឡើង​កន្ទួលរ​មាស់​តេម្តង​។ យ៉ាងណាមិញ ចូរ​កុំ​ប្រើ​ផលិតផល​លាង​សម្អាត​ណា​ដែល​មាន​ជាតិគីមី​ច្រើន​ឲ្យសោះ​។ អ្នក​គ្រាន់តែ​លាង​សម្អាត​សុដន់​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ និង​សម្ងួត​វា​ជាមួយនឹង​កន្សែង​ទន់​ទៅ​បាន​ហើយ​។ ការ​ដែល​ចេះ​ថែរក្សា​សុដន់​បាន​ល្អ​នឹង​ជំរុញ​ដល់​ការ​មាន​សុខភាព​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង