​សម្រាប់​មនុស្ស​ស្រី ជំងឺមហារីក​មាត់ស្បូន​អាច​ធ្វើឲ្យ​ពួកគេ​ស្លាប់បាន​។ ខណៈពេល​ដែល​ស្ថិតិ​ជំងឺ​នេះ​កំពុងតែ​មាន​ការ​គម្រាម​គំហែង តែ​វា​ជា​ជំងឺ​ដែល​អាច​បង្ការ និង​ព្យាបាល​បាន​បើសិនជា​រកឃើញ​លឿន​។

​ជំងឺមហារីក​មាត់ស្បូន​ភាគច្រើន​បង្កឡើង​ដោយ​វីរុស​បង្ក​ជំងឺមហារីក​មួយ​ឈ្មោះថា Human Papillomavirus (HPV) ដែល​វា​ជា​ជំងឺឆ្លង​ដ៏​ខ្លាំង​មួយ​។ វា​គឺជា​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួមភេទ ហើយក៏​មាន​ច្រើន​ប្រភេទ​ដែរ ប៉ុន្តែ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បង្ក​មហារីក​មាត់ស្បូន​។ ការបង្ក​រោគ​ដោយ​វីរុស​មួយ​នេះ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ឬ​បង្ក​ជា​ការលូតលាស់​កោសិកា​មិន​ធម្មតា​ដែល​នាំ​ឲ្យទៅ​ជា​មហារីក​មាត់ស្បូ​ន​តែម្តង​។

សញ្ញា​ជំងឺមហារីក​មាត់ស្បូន​ប្រហែលជា​មិន​បង្ហាញ​ស្តែងៗ​ឲ្យដឹង​ដូច​មហារីក​សុដ​ន់ទេ ប៉ុន្តែ​វា​មាន​វិធី​ច្រើន​ក្នុង​ការតាមដាន​អាការៈ​ទាំងអស់នោះ​ដូចជា​៖

ការហូរ​ទឹករំអិល​ខុស​ធម្មតា​
នៅពេល​មហារីក​ចាប់ផ្តើម​លូតលាស់​ក្នុង​មាត់ស្បូន កោសិកា​របស់​ជញ្ជាំង​ស្បូន​ចាប់ផ្តើម​យកឈ្នះ​វា ដោយ​ផលិត​នូវ​ទឹករំអិល​ជាច្រើន​ចេញមក​ខាងក្រៅ​។

ឬ​ស​
អ្នកជំនាញ​និយាយថា វត្តមាន​របស់​ឬ​ស​នៅ​ប្រដាប់ភេទ គឺជា​ភ្លើង​ក្រហម​មួយ​ដែល​បញ្ជាក់​អំពី​ជំងឺ ជាពិសេស​ជំងឺ​បង្កឡើង​ដោយ HPV តែម្តង ដែល​វា​អាច​មាន​ឱកាស​កាន់តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺមហារីក​មាត់ស្បូន​លើ​មនុស្ស​ស្រី​។​

ឈឺចាប់ ឬ​ធ្លាក់​ឈាម​
មហារីក​មាត់ស្បូន​ដែល​លូតលាស់​នៅលើ​ជញ្ជាំង​មាត់ស្បូន​អាច​បណ្តាល​ឲ្យ​កន្លែង​នេះ​ស្ងួត និង​បែង​ក្រ​ហែង ដូច្នេះ​វា​អាច​នឹង​ធ្វើឲ្យ​មិន​ស្រួល​ក្នុងខ្លួន ហើយ​ធ្លាក់ឈាម​បាន​។ រឿង​នេះ​ក៏​អាច​បណ្តាលឲ្យ​ហូរ​ឈាម​ពីរ​ន្ធ​គូថ ឬ​ប្លោកនោម​បានដែរ​។ រាល់​ការ​ធ្លាក់ឈាម​ក្រៅ​ពី​ការ​មក​រដូវ​គួរតែ​មាន​ការស្រាវជ្រាវ​ជាមួយនឹង​គ្រូពេទ្យ​។

កង្វះ​គ្រាប់​ឈាម​
បើសិន​ជា​ទម្លាប់​ញ៉ាំ​អាហារ​អ្នក​មិន​បាន​ផ្លាស់ប្តូរ​ទេ ហើយ​នៅតែ​អស់កម្លាំង​ទៀត ឬ​បេះដូង​ដើរ​ញ៉ាប់​ខុស​ធម្មតា វា​អាច​ជា​សញ្ញា​នៃ​ការ​កង្វះ​គ្រាប់​ឈាម​ហើយ​។ ការ​កង្វះ​គ្រាប់​ឈាម​អាច​បណ្តាលមកពី​ការ​ហូរឈាម ដែល​ភាគច្រើន​តែង​ទាក់ទង​នឹង​មហារីក​មាត់ស្បូន​នេះឯង​។

បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​
នៅពេល​មាត់ស្បូន​ហើម ប្លោកនោម និង​តម្រងនោម​អាច​នឹង​រង​ការ​សង្កត់ ជាហេតុ​នាំ​ឲ្យ​ស្ទះ​ដល់​ផ្លូវ​លំហូរ​ទឹកនោម ព្រមទាំង​ធ្វើឲ្យ​នោម​មិន​ឲ្យអស់ ឈឺចាប់ និង​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន​យ៉ាង​ងាយ​។

បន្ត​ឈឺចាប់​នៅ​ជើង ត្រគាក ឬ​ខ្នង​
ជាមួយគ្នានេះដែរ ការ​ហើម​របស់​មាត់ស្បូន​ក៏​សង្កត់​ទៅលើ​សរីរាង្គ​ក្នុង​ពោះ​ដែរ​។ សរសៃឈាម​ដែល​ត្រូវ​បាន​សង្កត់ អាច​ធ្វើឲ្យ​លំហូ​រឈាម​របស់​វា​កាន់តែ​ពិបាក​ទៅដល់​សរីរាង្គ​ក្នុង​ត្រគាក និង​ជើង​ណាស់ ដូច្នេះ​អាច​នឹង​មាន​ការឈឺចាប់ និង​ហើម​នៅ​កែងជើង និង​ជើងបាន​។

ស្រក​ទម្ងន់​
ទម្រ​ង​ជំងឺមហារីក​ភាគច្រើន​តែងតែ​បណ្តាលឲ្យ​ចំណង់​អាហារ​ថយចុះ​។ ការ​ហើម​នៅ​មាត់ស្បូន​អាច​សង្កត់​ទៅលើ​ក្រពះ ជាហេតុ​នាំឲ្យ​ចំណង់​អាហារ​ថយចុះ និង​ស្រក​ទម្ងន់​។

ចូរ​ចាំ​ថា រាល់​អាការៈ​ទាំងអស់​ខាងលើ​មិន​មែន​មានន័​យ​ថា​សុទ្ធ​តែ​បញ្ជាក់ថា​ពិតជា​មាន​ជំងឺមហារីក​មាត់ស្បូន​ទាំងអស់​ទេ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​វា​មែន គួរតែ​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​អាច​ដឹង​ថា​មាន​ឬ​អត់​៕