វ័យ តំណពូជ ប្រវត្តិធ្លាប់កើតជំងឺមហារីកសុដន់ ឬជំងឺមហារីកពោះវៀនធំ ការមករដូវឆាប់រហ័សមុនវ័យ ១២ ឆ្នាំ និងការអស់រដូវមុនវ័យ ៥២ ឆ្នាំ សុទ្ធតែជាកត្តាហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកមិនអាចធ្វើអ្វីបានសោះចំពោះបញ្ហានេះឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកាត់បន្ថយហានិភ័យនៃជំងឺមហារីក្រពេញអូវែ ៖

១. ការបំបៅដោះកូន

ការបំបៅដោះមិនត្រឹមតែល្អសម្រាប់កូនរបស់អ្នកដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់ឡើយ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែរបស់អ្នកដែលជាម្ដាយគួរឱ្យកត់សម្គាល់។

២. ការមានផ្ទៃពោះ

អ្នកជំនាញនិយាយថាការសម្រាលកូនម្នាក់ ឬច្រើនជាងនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។ ពិសេសប្រសិនបើកូនដំបូងរបស់អ្នកគឺកើតមុនពេលអ្នកឈានដល់វ័យ ២៥ ឆ្នាំ។

៣. ស្រកទម្ងន់ដែលលើស

ភាពធាត់ជ្រុលក៏ជាកត្តាហានិភ័យចម្បងមួយនៃជំងឺមហារីកក្រពេញអូវែ។ នេះហើយជាមូលហេតុដែលអ្នកគួររក្សាឱ្យបាននូវទម្ងន់ត្រឹមត្រូវមួយ។ ការធ្វើលំហាត់ប្រាណជាប្រចាំនិងទម្លាប់ទទួលទានអាហារសុខភាពល្អអាចជួយឱ្យអ្នកស្រកទម្ងន់ដែលលើសបានយ៉ាងប្រសើរ។

៤. ជ្រើសរើសរបបអាហារមានផ្ទុកជាតិខ្លាញ់ទាប

អាហារសម្បូរជាតិខ្លាញ់ឆ្អែត saturated fats មិនល្អឡើងចំពោះសុខភាពរាងកាយទាំងមូល ហើយអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែថែមទៀត។

៥. បង្កើនការទទួលទានបន្លែនិងផ្លែឈើ

បន្លែបៃតងនិងផ្លែឈើស្រស់ៗ គឺល្អណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល។ ពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបន្លែផ្លែឈើអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែគួរឱ្យកត់សម្គាល់។

៦. ឈ​ប់ជក់បារី

ប្រសិនបើចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែ ចូរបញ្ឈប់ការជក់បារីផង។ បារីមានផ្ទុកសម្បូរទៅដោយសារធាតុគីមីគ្រោះថ្នាក់ដែលអាចបង្កជំងឺមហារីក។ ក្រៅពីផ្ដាច់បារី អ្នកក៏មិនគួរទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតដែរ៕