ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជម្រុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖

១. ក្រូចឆ្មារ

ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរនិងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយ។

២. តែបៃតង

តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។

៣. ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកនូវសារធាតុចិញ្ចឹមនិងជាតិរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំងវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មនិងបាក់តេរីដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ 

៤. ផ្លែបឺរ

ផ្លែបឺរជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ 

៥. គ្រាប់ធញ្ញជាតិ

អ្នកគួររួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើចង់ធ្វើឱ្យមុខងារថ្លើមកាន់តែប្រសើរ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ សារធាតុ glutathione និងសារធាតុ arginine ដែលចាំបាច់សម្រាប់សុខភាពថ្លើម។ ទោះជាយ៉ាងណាមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៦. បន្លែបៃតង

ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។

៧. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។

៨. ផ្កាខាត់ណាខៀវ

ជាប្រភពដ៏ប្រសើរនៃសារធាតុស្ពាន់ធ័រនិងសារធាតុប្រឆាំងអុកស៊ីកម្មផ្សេងៗដែលជួយកម្ចាត់ជាតិពុលចេញពីថ្លើមនិងបន្សាបជាតិពុល រួមទាំងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួលទានបន្លែនេះជាប្រចាំនឹងជួយលើកកម្ពស់កម្រិតនៃការដុតរំលាយអាហារនៃរាងកាយ ក៏ដូចជារំញោចប្រព័ន្ធភាពស៊ាំផងដែរ។

៩. ខ្ទឹមស

ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ ដែលល្អចំពោះសុខភាពថ្លើម។ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។

១០. ការ៉ុត

ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ បន្លែមើមនេះក៏អាចជួយក្នុងការជម្រុញភាពរឹងមាំនៃថ្លើម និងថែមទាំងសម្អាតថ្លើមតាមបែបធម្មជាតិផងដែរ។ ការ៉ុតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមនិងសារធាតុរ៉ែចាំបាច់ជាច្រើន៕