ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាទម្លាប់មួយចំនួនអាចបណ្ដាលឱ្យស្ត្រេស ឬតានតឹងក្នុងអារម្មណ៍បានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ ឬកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបេសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ស្មានមិនដល់មួយចំនួនដែលបង្កបញ្ហាតានតឹងក្នុងអារម្មណ៍ ៖

១. ការចែករំលែកច្រើនពេកលើបណ្ដាញសង្គម

ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថាការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ នោះក៏ព្រោះតែពេលខ្លះក្រោយឃើញស្ថានភាពជោគជ័យរបស់នរណាម្នាក់ហើយ អ្នកចាប់ផ្ដើមមានអារម្មណ៍គិតថាខ្លួនឯងអន់ជាងគេខ្លាំងដែលធ្វើឱ្យក្លាយជាកង្វល់ក្នុងចិត្ត ឬថប់បារម្ភ។ អ្នកក៏មិនគួរចែករំលែកច្រើនពេកសូម្បីតែភាពបរាជ័យរបស់ខ្លួនលើបណ្ដាញសង្គមដែរ ក៏ព្រោះមនុស្សខ្លះមិនខ្វល់អ្វីក្រៅពីសប្បាយចិត្ត ហើយជាន់ថែមពេលឃើញអ្នកដួលត្រង់ចំណុចណាមួយក្នុងជីវិតឡើយ។ ដូច្នេះនៅមុនពេលអ្នកសរសេរ ឬបង្ហោះរូបភាពអ្វីមួយក្នុងបណ្ដាញសង្គម ចូរគិតសិនថាតើមិត្តក្នុងបណ្ដាញសង្គមសុទ្ធតែចាំបាច់ត្រូវឃើញ ឬដឹងដែរអត់? ត្រូវប្រាកដថាការបើប្រាស់បណ្ដាញសង្គមរបស់អ្នក គឺមានព្រំដែននិងមិនគួរចែករំលែកគ្រប់រឿងរ៉ាវពេកឡើយជាពិសេសបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារនិងមិត្តភក្តិជាដើម។

២. មិនចំណាយពេលធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយសោះ

មនុស្សសឹងតែគ្រប់គ្នាដឹងហើយថាការធ្វើលំហាត់ប្រាណ គឺំមិនត្រឹមតែជួយឱ្យអ្នកមានរូបរាងស្រស់ស្អាត ហើយសុខភាពផ្លូវកាយល្អប្រសើរឡើយ ប៉ុន្តែក៏ធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអ័រម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការគិតតែពីអង្គុយនិងគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីបញ្ហាតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសបានគួរឱ្យកត់សម្គាល់។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាអារម្មណ៍ស្រស់ស្រាយ។

៣. បន្ទប់គេង, បរិយាកាសក្នុងផ្ទះ ឬកន្លែងធ្វើការមានសភាពរញ៉េរ៉ញៃ

ភាពរញ៉េរញ៉េគ្មានសណ្ដាប់ធ្នាប់ក្នុងផ្ទះ, បន្ទប់គេង ឬកន្លែងធ្វើការក៏ជាកត្តាចម្បងមួយដែលអាចបណ្ដាលឱ្យអ្នកស្ត្រេសផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូររៀបចំកន្លែងគេង, ក្នុងផ្ទះ ឬកន្លែងធ្វើការឱ្យមានសណ្ដាប់ធ្នាប់។

៤. ធ្វើការច្រើនពេកលើសពី ១០ ម៉ោងក្នុងមួយថ្ងៃៗ

ការងារច្រើន រួមផ្សំនឹងកត្តាផ្សេងទៀតដូចជាគូប្រជែងនៅកន្លែងធ្វើការ ព្រមទាំងការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍តានតឹងខ្លាំង។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍រ៉ាំរ៉ៃអាចបណ្ដាលឱ្យរាងកាយមានផ្ទុកពោរពេញទៅដោយអ័រម៉ូនដែលជះផលប៉ះពាល់ដល់ទម្ងន់ សម្ពាធឈាម អារម្មណ៍ រូបរាង និងសុខភាពបេះដូង។

៥. ចេះតែគិតពីរឿងដែលកន្លងហួសទៅហើយ

ការនៅតែគិតព្រួយពីរឿង ឬសកម្មភាពដែលកន្លងហួសទៅហើយអាចបណ្ដាលឱ្យអ្នកស្ត្រេសជាប់ជានិច្ច។ អ្វីមិនល្អដែលកើតឡើងក្នុងអតីតកាលអ្នកគួរបំភ្លេចវាចោលទៅ! អ្នកមិនអាចកែប្រែអ្វីដែលកើតឡើងរួចឡើយ។ ប៉ុន្តែពិតជាមិនអាចឈប់គិតអិជ្ជមានបានសោះឬ? ចូរសាកល្បងធ្វើសមាធិ។ នេះក៏ព្រោះតែការធ្វើសមាធិនាំឱ្យអ្នកផ្ដោតអារម្មណ៍ដាក់ចិត្តលើការដកដង្ហើម។ ភាគច្រើននៃពួកយើងមានអារម្មណ៍ថាហត់ខ្លាំង ហើយស្ត្រេសក៏ព្រោះតែចិត្តចេះតែគិត។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង