ការធ្វើលំហាត់ប្រាណជាប្រចាំមិនមែនសម្រាប់តែអ្នកធាត់ឡើយ ប៉ុន្តែគឺចាំបាច់ណាស់ចំពោះអ្នកគ្រប់គ្នាដើម្បីអាចរក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ការធ្វើលំហាត់ប្រាណអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗដែលអ្នកស្គមក៏គួរធ្វើលំហាត់ប្រាណដែរ ៖

១. ការធ្វើលំហាត់ប្រាណទៀងទាត់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់

វាជាការសំខាន់ណាស់ក្នុងការធ្វើលំហាត់ប្រាណជាពិសេសប្រសិនបើអ្នករស់នៅក្នុងជាមួយជីវិតដែលពោរពេញដោយភាពរវល់ខ្លាំង។ ប្រសិនបើអ្នកស្គម ហើយងាយនឹងអស់កម្លាំងការធ្វើលំហាត់ប្រាណអាចជួយផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែម ព្រមទាំងភាពស្វាហាប់ដើម្បីបំពេញសកម្មភាពផ្សេងៗប្រចាំថ្ងៃ។

២. វាល្អចំពោះសុខភាពសសៃឈាមបេះដូង

ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗពិសេសជំងឺគាំងបេះដូង ជំងឺសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អនិងគ្រប់គ្រងសម្ពាធឈាម។

៣. ការធ្វើលំហាត់ប្រាណជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណបន្ថែមប្រសិនបើប្រព័ន្ធភាពស៊ាំរាងកាយហាក់ដូចជាមិនរឹងមាំសោះ។ ការធ្វើលំហាត់ប្រាណទៀងទាត់ជាវិធីដ៏ល្អបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ។ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។

៤. វាជួយទប់ទល់នឹងអាការៈនៃបញ្ហាធ្លាក់ទឹកចិត្តនិងជំងឺថប់បារម្ភ

នោះក៏ព្រោះតែវិធីសាស្ត្រដ៏ល្អបំផុតមួយដើម្បីទប់ទល់បញ្ហាថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ការធ្វើលំហាត់ប្រាណពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍រីករាយដោយវាមានប្រសិទ្ធភាពបង្កើនការផលិតអ័រម៉ូនរីករាយ endorphins។

៥. ការធ្វើលំហាត់ប្រាណទៀងទាត់ជួយឱ្យអ្នកគេងលក់បានស្កប់

កំពុងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់មែនទេ? កុំបារម្ភ! ចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ហើតអ្នកនឹងអាចឆាប់គេងលក់និងថែមទាំងគេងលក់បានស្កប់ទៀតផង។ ទោះជាយ៉ាងណាមិនគួរធ្វើលំហាត់ប្រាណរយៈពេលពី ២ ទៅ ៣ ម៉ោងមុនគេងឡើយ។

៦. ពង្រឹងសុខភាពសាច់ដុំ

ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតនិងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះនោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយផ្សេងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង