ទម្លាប់នៃការទទួលទានមួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភលើដំណើរការនៃការរំលាយអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះដែលអាចជះផលប៉ះពាល់ដល់ការរំលាយអាហារ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់នៃការទទួលទានដែលអ្នកគួរប្រយ័ត្ន ៖

១. ទទួលទានទឹកត្រជាក់កំឡុងពេលអាហារ

កំឡុងពេលអាហារយកល្អអ្នកគួរចៀសវាងទទួលទានទឹកត្រជាក់។ នេះក៏ព្រោះតែទឹកត្រជាក់អាចជះឥទ្ធិពលលើសសៃឈាមដោយអាចប្រែជារួមតូច។ ជាលទ្ធផលអ្នកនឹងជួបប្រទះនូវបញ្ហាពាក់ព័ន្ធការរំលាយអាហារ។ លើសពីនេះទៅទៀតរាងកាយក៏មិនទទួលបានសារធាតុចិញ្ចឹមផ្សេងៗបានពេញលេញផងដែរក៏ព្រោះអាហារមិនត្រូវបានរំលាយត្រឹមត្រូវ។

២. ទទួលទានទឹកច្រើនពេកកំឡុងពេលអាហារ

ក្រៅពីការទទួលទានទឹកត្រជាក់ អ្នកក៏មិនគួរទទួលទានទឹកធម្មតាច្រើនពេកកំឡុងពេលអាហារផងដែរ។ នេះក៏ព្រោះតែទឹកច្រើនពេកអាចបង្កអាការៈហើមពោះនិងពិបាករំលាយអាហារ។ ទឹកច្រើនពេកនឹងពង្រាវ ហើយបន្ថយឥទ្ធិពលនៃទឹកអាស៊ីតក្រពះដែលជាលទ្ធផលនាំឱ្យការបំបែករំលាយអាហារមិនល្អប្រសើរ។ ដូច្នេះចូរព្យាយាមកម្រិតការទទួលទានទឹកត្រឹម ១ កែវកំឡុងពេលអាហារ ហើយអ្នកអាចទទួលទានច្រើននៅមុនពេល ឬក្រោយពេលទទួលទាន។

៣. ការរួមបញ្ចូលជាតិម្សៅនិងប្រូតេអ៊ីនច្រើនពេកក្នុងរបបអាហារ

បាយ នំប័ុង និងប៉េងប៉ោះជាដើមមានផ្ទុកសម្បូរទៅដោយជាតិម្សៅ ខណៈដែលស៊ុត ត្រី មាន់ និងសាច់ផ្សេងទៀតមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន។ ការរួមបញ្ចូលអាហារសម្បូរជាតិម្សៅនិងប្រូតេអ៊ីនច្រើនពេកក្នុងរបបអាហារអាចនឹងបង្កបញ្ហាពិបាករំលាយអាហារ ព្រមទាំងអាការៈច្រាលទឹកអាស៊ីតក្រពះផងដែរ។ អ្នកគួរដឹងថាអាហារមួយចំនួនត្រូវបានរំលាយលឿនជាងអាហារខ្លះទៀត។ ជាតិម្សៅអាចត្រូវបានរំលាយលឿនជាងប្រូតេអ៊ីន ដូច្នេះទើបការទទួលទានអាហារសម្បូរជាតិម្សៅនិងប្រូតេអ៊ីនក្នុងពេលជាមួយគ្នាច្រើនអាចបង្កបញ្ហា។ គន្លឹះដ៏ប្រសើរនោះ គឺទទួលទានអាហារសម្បូរជាតិម្សៅមុនពេលប្រូតេអ៊ីន។ អ្នកអាចទទួលទានក្នុងពេលជាមួយគ្នាបាន ប៉ុន្តែក្នុងកម្រិតសមល្មម៕