មិនត្រឹមតែជួយឱ្យស្រកទម្ងន់បានយ៉ាងប្រសើរប៉ុណ្ណោះទេ របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបក៏អាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ផ្សេងទៀតចំពោះសុខភាពផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចផ្ដល់ផលល្អអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប ៖
១. វាជួយឱ្យឆ្អែតបានយូរ
ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកចេះតែឃ្លានរហូត ឬឆាប់ឃ្លានវិញនៅពេលទទួលទានរបបអាហារធម្មតា? មូលហេតុចម្បងមួយនៃបញ្ហានេះ គឺការឡើងចុះឥតឈប់នៃកម្រិតជាតិស្ករក្នុងឈាមដោយសារការជ្រើសរើសទទួលទានអាហារមិនបានត្រឹមត្រូវ។ ប៉ុន្តែនៅពេលទទួលទានរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបវិញ គឺអ្នកប្រាកដជាមានអារម្មណ៍ឆ្អែតបានយូរដោយសារឥទ្ធិពលនៃជាតិខ្លាញ់ល្អក្នុងអាហារ។
២. វាជួយពន្លឿនការស្រកទម្ងន់
អ្នកដែលទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបងាយនឹងស្រកទម្ងន់ឆាប់រហ័សគួរឱ្យកត់សម្គាល់។ របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចជួយឱ្យដំណើរការនៃការដុតបំផ្លាញកាឡូរីកាន់តែលឿនជាងមុន។
៣. វាជួយកាត់បន្ថយការរលាកក្នុងរាងកាយ
របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយបានផងដែរ។ ការរលាកជាកត្តាចម្បងមួយផ្សារភ្ជាប់នឹងបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម, ជំងឺរលាកសន្លាក់, ជំងឺហឺត និងសូម្បីដំបៅក្រពះ។
៤. វាជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ
របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អដែលជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងបានយ៉ាងប្រសើរ។
៥. វាជួយបញ្ចុះជាតិខ្លាញ់ទ្រីគ្លីសេរីដ
តើអ្នកធ្លាប់ដឹងទេថាកាបូអ៊ីដ្រាតក៏ជាមូលេគុលស្ករដែរ? នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបដើម្បីអាចបន្ថយកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដ។
៦. វាជួយគ្រប់គ្រងសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងនៃជំងឺគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ដាច់សសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។ ទោះជាយ៉ាងណារបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចជួយបញ្ចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់៕