ការរលាកអាចបង្កទាំងផលល្អ និងអាក្រក់។ ការរលាក គឺជាប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងការឆ្លើយតបនឹងការរបួស ការរលាក ឬការបង្ករោគ។ វាគឺជាការឆ្លើយតបធម្មតាមួយ ដែលជារឿងល្អ ហើយក៏ជារបៀបធ្វើឲ្យរបួសជាតាមបែបធម្មជាតិដែរ។ ប៉ុន្តែការរលាករ៉ាំរ៉ៃវិញ អាចនាំឲ្យមានជំងឺនិងឡើងទម្ងន់បាន។ មានអាហារខ្លះអាចជួយប្រឆាំងការរលាកបាន ដូច្នេះតើវាមានអាហារអ្វីខ្លះទៅ?

ផ្លែអាលម៉ុន

ផ្លែអាលម៉ុនគឺជាប្រភពដ៏អស្ចារ្យមួយជាតិខ្លាញ់ Monounsaturated Fats ដែលស្រដៀងគ្នានឹងប្រេងអូលីវ ម៉ងហ្គាណេស និងវីតាមីន E ដែរ។ ក្រៅពីនេះ វាគឺជាប្រភពដ៏ល្អមួយនៃប្រូតេអ៊ីនរុក្ខជាតិ និងម៉ាញ៉េស្យូម។ ការសិក្សាបានរកឃើញថា ការញ៉ាំផ្លែអាលម៉ុនមានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺបេះដូងសរសៃឈាម ដោយសារតែជាតិខ្លាញ់ក្នុងឈាមល្អ ហើយក៏បន្ថយការរលាកក្នុងខ្លួនថែមទៀត។ 

ផ្លែបឺរ

ផ្លែបឺរផ្ទុកទៅដោយជាតិខ្លាញ់ Monounsaturated Fats ដែលល្អចំពោះសុខភាពបេះដូង ប្រភពដ៏ឆ្លាតវៃនៃជាតិសរសៃ ម៉ាញ៉េស្យូម និងប៉ូតាស្យូម និងមានជាតិសូដ្យូមទាបទៀត។ ការញ៉ាំផ្លែបឺរកន្លះផ្លែក៏ជួយឲ្យអ្នកទទួលបានវីតាមីន A, C, E និងB កំផ្លេចប្រចាំថ្ងៃដែរ។ ការផ្សំចូលគ្នានៃសារធាតុ Polyphenols និងជីវជាតិជាច្រើន ធ្វើការជាអង់ទីអុកស៊ីដង់ នឹងធ្វើឲ្យផ្លែបឺរនេះក្លាយទៅជារបបអាហារប្រឆាំងការរលាកបានយ៉ាងល្អ។ 

ត្រីសម្បូរខ្លាញ់

ការស្រាវជ្រាវបានបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គាបីដែលមានក្នុងត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុន ឬធូណា អាចជួយបន្ថយចំនួនសារធាតុបង្កការរលាកបានយ៉ាងគួរឲ្យកត់សម្គាល់ ហើយក៏បង្កើនសុខភាពបេះដូង និងខួរក្បាលដែរ។ ក្រៅពីនេះ ត្រីសម្បូរខ្លាញ់មានវីតាមីន B ច្រើន ក្នុងការជួយបំលែងអាហារទៅជាថាមពល និងជួសជុលដល់ DNA ក្នុងខ្លួនទៀត។

ខ្ញី

ខ្ញីគឺជាអាហារមួយប្រភេទ ដែលអាចជួយប្រឆាំងការរលាកបានតាមរយៈការបញ្ឈប់រាងកាយកុំឲ្យផលិតសារធាតុ Cytokines ដែលជាប្រូតេអ៊ីនបង្កការរលាករ៉ាំរ៉ៃ។ ខ្ញីក៏ត្រូវបានគេប្រើប្រាស់ជាវិធីព្យាបាលលើការចង្អោ និងឈឺក្រពះដែរ។ តាមការសិក្សាបានបង្ហាញថា ខ្ញីប្រហែលជួយសម្រួលដល់ជាតិស្ករក្នុងឈាមបាន។ 

បន្លែពណ៌បៃតង

បន្លែពណ៌បៃតងគ្រប់ប្រភេទ ជាពិសេសស្ពៃស្ពីណាចគឺសម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលអាចជួយស្តារសុខភាពកោសិកា និងសារធាតុ Flavonoids ប្រឆាំងការរលាកថែមទៀត។ បន្លែពណ៌បៃតងផ្តល់នូវជាតិរ៉ែ និងវីតាមីនយ៉ាងច្រើន ហើយវាក៏ជួយការពារខួរក្បាលពីការធ្វើអុកស៊ីតកម្មថែមទៀតផង។ 

ផ្លែក្រូច

ផ្លែក្រូចគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិប៉ូតាស្យូម វីតាមីន C កាលស្យូម ជាតិសរសៃ និងFolate។ Folate និងជាតិសរសៃក្នុងផ្លែក្រូចប្រហែលជាជួយដល់សុខភាពបេះដូង។ វីតាមីន C គឺជាសារធាតុដ៏សំខាន់មួយក្នុងការជួយឲ្យជាលិកាតភ្ជាប់រឹងមាំ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងសុខភាពសរសៃឈាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង