ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានក្រូចឆ្មារ ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាក្រៅពីយកមកធ្វើជាភេសជ្ជៈនិងគ្រឿងផ្សំបន្ថែមរសជាតិហើយនោះ ក្រូចឆ្មារអាចប្រើដើម្បីដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើក្រៅពីទទួលទានអ្នកអាចប្រើប្រាស់ក្រូចឆ្មារធ្វើអ្វីទៀត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ក្រូចឆ្មារដោះស្រាយបញ្ហាសុខភាពសម្រស់ ៖

១. បំបាត់ក្អក

អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វសឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។

២. បំបាត់អាការៈឈឺពោះពេលមករដូវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ផ្លែជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទាន។

៣. បំបាត់ស្នាមអ៊ុចខ្មៅនិងស្នាមអាចម៍រុយ

អ្វីដែលអ្នកគ្រាន់តែលាយស្ករសមួយចំនួនជាមួយទឹកក្រូចឆ្មារស្រស់រហូតក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេល ១០ នាទី ឬរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្រៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានរបួសលើស្បែកមិនគួរអនុវត្តរូបមន្តនេះឡើយ។ ហើយរូបមន្តនេះក៏មិនសាកសមសម្រាប់អ្នកដែលមានស្បែកមុខស្ដើងឆាប់ប្រតិកម្មដែរ។

៤. កម្ចាត់អង្គែ

អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារទុំមួយផ្លែជា ២ កំណាត់ច្របាច់យកទឹក។ បន្ទាប់មកលាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាបពេញលើស្បែកក្បាល អ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែបន្តិចទុកជាការសាកល្បងសិនដើម្បីប្រាកដថាវាមិនបង្កការរលាកដល់ស្បែក។

៥. បំបាត់ស្ត្រេស

ធ្លាប់ដឹងទេថាអ្នកអាចប្រើក្រូចឆ្មារជាគ្រាប់បាល់បំបាត់ស្ត្រេសបានដោយគ្រាន់តែញី ឬរំកិលវាលើផ្ទៃរឹងណាមួយ? ដើម្បីកាត់បន្ថយស្ត្រេសអ្នកអាចដាក់ក្រូចឆ្មារ ២ ផ្លែលើតុ ឬផ្ទៃរាបស្មើណាក៏បាន បន្ទាប់មកញីក្រូចឆ្មារចុះឡើងជាមួយបាតដៃទាំងសងខាង។

៦. បំបាត់អាការៈរមាស់ដោយសារមូសខាំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចលាបផ្ដិតលើកន្លែងមូសខាំជាការស្រេច។

៧. សុខភាពមាត់ធ្មេញ

អត្ថប្រយោជន៍ដ៏ល្អបំផុតមួយទៀតនៃក្រូចឆ្មារ គឺជួយដោះស្រាយបញ្ហាមាត់ធ្មេញបានយ៉ាងប្រសើរតាមរយៈបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។ ទឹកក្រូចឆ្មារជួយបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែប្រើវាលាបទៅលើធ្មេញដែលឈឺជាការស្រេច។ ទឹកក្រូចឆ្មារក៏ជួយបំបាត់អាការៈហូរឈាមអញ្ចាញផងដែរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់លើអញ្ចាញដែលរងផលប៉ះពាល់។ ចំពោះបញ្ហារាក់ស៊ីធ្មេញលាយទឹកក្រូចឆ្មារស្រស់ ៤ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ ហើយទទួលទានរៀងរាល់ ២ ទៅ ៤ ម៉ោងម្ដង។ 

៨. បំបាត់ក្លិនខ្លួនមិនល្អ

ក្លិនក្លៀកមិនមែនជាបញ្ហាតែមួយដែលលក្ខណៈសម្បត្តិសម្លាប់មេរោគរបស់ក្រូចឆ្មារជួយកម្ចាត់បានឡើយ។ ទឹកក្រូចឆ្មារអាចគ្រប់គ្រងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អដែលបង្កឡើងដោយបាក់តេរីបានយ៉ាងប្រសើរ។ ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹកអាចជួយដោះស្រាយបញ្ហាក្លិនមាត់ឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។

៩. ជួយឱ្យស្រកទម្ងន់

សារធាតុ polyphenol ដែលមានផ្ទុកក្នុងក្រូចឆ្មារជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ហើយជាទូទៅរូបមន្តសម្រកទម្ងន់បែបធម្មជាតិនេះតម្រូវឱ្យអ្នកទទួលទានទឹកក្រូចឆ្មារស្រស់លាយជាមួយទឹកឃ្មុំ និងទឹកក្ដៅឧណ្ហៗរៀងរាល់ព្រឹកមុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេង សូម្បីតែទឹកធម្មតា។ ភេសជ្ជៈនេះក៏ជួយកម្ចាត់នូវរាល់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង