ស្បែកនៃមនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេ មានស្បែកអ្នកខ្លះគឺមិនងាយប្រតិកម្មទេ ប៉ុន្តែស្បែកអ្នកខ្លះវិញគឺងាយប្រតិកម្មខ្លាំងណាស់។ តើស្បែកអ្នកដែលប្រតិកម្មភាគច្រើនគឺបណ្តាលមកពីអ្វីខ្លះ?
លំអងផ្កា
នៅពេលដែលដល់រដូវនៃការបញ្ជូលលំអងផ្កាម្តងៗ លំអងផ្កាទាំងនោះនឹងភាយពេញអាកាស ដែលអាចហើរមកប៉ះត្រូវស្បែកអ្នក ជាហេតុដែលអាចធ្វើឲ្យវាប្រតិកម្មលឿនបំផុត។
ធូលី
ការប្រតិកម្មដោយសារតែធូលីគឺជាការកើតឡើងញឹកញាប់បំផុត ព្រោះវាមានពាសពេញក្នុងអាកាស ដូចនេះពេលដែលអ្នកចេញក្រៅ អ្នកត្រូវតែការពារស្បែកអ្នកឲ្យបានល្អ ដោយកុំឲ្យធូលីទាំងនោះប៉ះត្រូវច្រើនឲ្យសោះ ម្យ៉ាងទៀតអ្នកក៏មិនត្រូវនៅជិតសត្វផ្សេងៗច្រើនដែរ ព្រោះរោមសត្វទាំងនោះអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មដូចគ្នា។
គ្រឿងសម្អាង
មុននឹងអ្នកទិញគ្រឿងសម្អាង អ្នកត្រូវតែតេស្តមើលស្បែកអ្នកជាមុនសិន ព្រោះមានគ្រឿងសម្អាងខ្លះគឺមិនស័ក្តិសមសម្រាប់ស្បែកអ្នកទេ ជាហេតុដែលអាចធ្វើឲ្យប្រតិកម្មក្រោយអ្នកប្រើរួច។
អាហារ
ចំពោះផ្នែកអាហារវិញ អាហារដែលងាយធ្វើឲ្យមនុស្សមានស្បែកប្រតិកម្មគឺគ្រឿងសមុទ្រ ឬស្វាយជាដើម ដូចនេះអ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកពិសារម្តងៗ។
អាយុ
មានអ្នកខ្លះនៅក្មេងគ្មានស្បែកប្រតិកម្មទេ ប៉ុន្តែពេលដែលឈានដល់វ័យរាងចាស់បែរជាមានទៅវិញ នេះមកពីស្រទាប់ដែលការពារស្បែកអ្នកចុះខ្សោយ ដោយគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់ជួយការពារទៀតទេ។
សីតុណ្ហភាព
នៅពេលដែលអាកាសធាតុតែងតែប្រែប្រួល ដោយត្រជាក់ផង ហើយក្តៅផង វានឹងងាយធ្វើឲ្យស្បែកអ្នកឆាប់ប្រតិកម្មបំផុត៕