ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែនៅពេលបញ្ហានេះកើតឡើងយើងគួរនិងមិនគួរទទួលទានអ្វីខ្លះដើម្បីចៀសវាងការឈឺចាប់ ឬអាការៈកាន់តែធ្ងន់ធ្ងរឡើង?កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទាន ឬត្រូវប្រយ័ត្នពុំគួរទទួលទានពេលឈឺពងបែកមាត់ ៖
- អាហារមិនគួរទទួលទាន
១. អាហាររឹងស្រួយ
រួមបញ្ចូលទាំងអ្វីដែលបំពងខ្លាញ់ខ្លាំងនិងស្រួយ។ នេះក៏ព្រោះតែការទទួលទានអាហារប្រភេទនេះអាចបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង ពិសេសពេលទំពារប៉ះនឹងពងបែក។
២. អាហារនិងភេសជ្ជៈក្ដៅ
អាហារនិងភេសជ្ជៈក្ដៅៗអាចបង្កការរលាកអាចធ្វើឱ្យដំបៅពងបែកកាន់តែឈឺចាប់ខ្លាំង។ ភេសជ្ជៈនិងអាហារក្ដៅពេកថែមទាំងអាចបង្ករបួសដល់ជាលិកាទន់ៗនៃមាត់ដែលជាមូលហេតុចម្បងមួយនៃការលេចឡើងនូវដំបៅពងបែកទៀតផង។
៣. អាហារហឹរ ឬប្រៃ
ការទទួលទានអាហារហឹរ ឬប្រៃកំឡុងពេលឈឺពងបែកមាត់នឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។
- អាហារគួរព្យាយាមទទួលទាន
១. យ៉ាអួរដែលមានផ្ទុកបាក់តេរីល្អ
អាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទាននៅពេលកើតពងបែកមាត់ គឺយ៉ាអួរ។ អាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយបាក់តេរីល្អជួយពន្លឿនការជាសះស្បើយនៃរបួសពងបែកមាត់។
២. ទឹកដូងនិងទឹកត្រជាក់
ដើម្បីបំបាត់ ឬបន្ថយអាការៈឈឺចាប់ឆាប់រហ័សអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើន។ ពិសេសទឹកត្រជាក់ ឬទឹកដូងកាន់តែប្រសើរនេះក៏ព្រោះតែភាពត្រជាក់ជួយផ្ដល់ភាពស្ពឹកលើសសៃប្រសាទ ហើយភាពឈឺចាប់នៃដំបៅពងបែកត្រូវបានកាត់បន្ថយ។
សម្គាល់ ៖ អ្នកគួរជ្រើសរើសទទួលទានអាហារទន់ៗ ម៉ដ្ឋ មិនមានរសជាតិខ្លាំង និងងាយស្រួលលេប។ ហើយក៏គួរទំពារយឺតផងដែរ៕