ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងចំណោមអាការៈទាំងនោះរួមមានវិលមុខ ឆាប់ឆេវឆាវ ឈឺក្បាលឃ្លានខ្លាំង ចុករមួលក្នុងពោះ និងអស់កម្លាំងជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណាអ្នកអាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេលនិងកំឡុងពេលមករដូវ ៖
១. ស្អំកម្ដៅ
កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំលើពោះ ប៉ុន្តែមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។ ដូច្នេះគួរប្រើប្រាស់កន្សែងរុំមួយជាន់សិនសឹមដាក់ស្អំទើបប្រសើរ។
២. ធ្វើលំហាត់ប្រាណ
នារីមួយចំនួនគិតថាការធ្វើលំហាត់ប្រាណកំឡុងពេលមករដូវអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការធ្វើលំហាត់ប្រាណស្រាលៗដូចជាការរត់ ការដើរ ជិះកង់ ហាត់យូហ្កា ឬសន្ធឹងខ្លួនប្រាណដៃជើង គឺចាំបាច់ណាស់ដើម្បីបង្កើនកម្រិតនៃអ័រម៉ូន endorphins ក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី។
៣. កម្រិតការទទួលទានកាហ្វេអ៊ីន
កាហ្វេអ៊ីនអាចបង្រួមសសៃឈាម រួមបញ្ចូលទាំងសសៃឈាមនៅក្នុងស្បូន។ ជាលទ្ធផលបង្កអាការៈឈឺចាប់។
៤. ទទួលទានតែខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីជាចំណិតតូចៗ រួចដាក់ចូលឆុងក្នុងទឹកក្តៅមួយពែងសម្រាប់រយៈពេលពីរបីនាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នកអាចទទួលទានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៥. ទទួលការម៉ាស្សា
ការម៉ាស្សាថ្នមៗស្រាលៗលើពោះផ្នែកខាងលើអាចជួយសម្រួលសាច់ដុំនៃស្បូនបន្ថយអាការៈឈឺចាប់។ ការម៉ាស្សាខ្នងក៏ល្អដើម្បីសម្រាលអាការៈឈឺចាប់ពេលមករដូវផងដែរ។
៦. ទទួលទានបន្លែបៃតង
ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវនោះអ្នកគួរចាប់ផ្ដើមទទួលទានបន្លែបៃតងឱ្យច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយសម្រាលអាការៈចុករមួលក្នុងពោះ។
៧. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់៕