តើនឹងមានអ្វីកើតឡើងចំពោះរាងកាយនៅពេលដែលអ្នកឈប់ជក់បារី? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុពិសេសៗដែលអ្នកគួរឈប់ជក់បារី ៖
១. សុខភាពសួតរឹងមាំប្រសើរ
មួយក្នុងចំណោមមូលហេតុចម្បងនៃជំងឺមហារីកសួរ គឺការជក់បារី ឬហិតផ្សែងបារីពីអ្នកដទៃ។ ដូច្នេះប្រសិនបើអ្នកឈប់ជក់បារីនោះ អ្នកប្រាកដជាអាចនឹងជួយសង្គ្រោះសួតខ្លួនឯង ព្រមទាំងអ្នកដទៃពីហានិភ័យនៃជំងឺមហារីក។
២. ចរន្តឈាមរត់មានលក្ខណៈប្រសើរឡើង
ដឹងទេថានេះ គឺជារឿងដំបូងគេបង្អស់ដែលកើតឡើងនៅពេលអ្នកឈប់ជក់បារី! ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយអត្រាបេះដូង និងសម្ពាធឈាមរបស់អ្នកត្រលប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខណៈដែលជាតិនីកូទីនដែលទទួលខុសត្រូវចំពោះការឡើងខ្ពស់នៃសម្ពាធឈាម និងការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺគ្មានវត្តមាននៅក្នុងរាងកាយទៀត ។ នេះក៏នឹងធ្វើឱ្យចុងម្រាមដៃរបស់អ្នកមានកម្ដៅជាងមុនផងដែរ ក៏ព្រោះតែចរន្តឈាមរត់បានត្រឹមត្រូវក្នុងរាងកាយ។
៣. ធ្មេញស
ការជក់បារី ជាប្រចាំអាចបណ្ដាលឲ្យកើតមានការរលាក ឈឺមាត់ ធ្មេញប្រែជាលឿង ហើយនឹងធ្វើឱ្យមានខ្យល់ដង្ហើមមិនល្អថែមទៀត។ ទោះជាយ៉ាងណាផលវិបាកភាគច្រើននៃបញ្ហាសុខភាពមាត់ធ្មេញដូចជា ធ្មេញលឿង ក៏ដូចជាខ្យល់ដង្ហើមមិនល្អ នឹងបាត់ទៅវិញភ្លាមៗបន្ទាប់ពីអ្នកឈប់ជក់បារី។ ការឈប់ជក់បារីក៏ជួយការពារអ្នកពីជំងឺអញ្ចាញធ្មេញផងដែរ។
៤. ហានិភ័យនៃបញ្ហាបេះដូងត្រូវថយចុះ
ការជក់បារីជះផលប៉ះពាលដល់សសៃឈាមដែលបង្កគ្រោះថ្នាក់សុខភាពបេះដូងគួរឱ្យបារម្ភ។ ដូច្នេះនៅពេលឈប់ជក់បារីហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
៥. ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង
ប្រព័ន្ធភាពស៊ាំល្អនឹងជួយការពារអ្នកឲ្យជៀសផុតពីជំងឺផ្សេងៗ។ ការជក់បារីជាប្រចាំធ្វើឱ្យប្រព័ន្ធភាពស៊ាំដំណើរការមុខងារមិនបានត្រឹមត្រូវ ហើយចុះខ្សោយដែលបណ្ដាលឱ្យជំងឺផ្សេងៗងាយនឹងជ្រៀតចូលក្នុងរាងកាយ។ វាក៏បង្កើនហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជា ជំងឺរលាកទងសួត និងជំងឺរលាកសួត ហើយចុងក្រោយជាលិកាសួតទាំងអស់នឹងត្រូវបំផ្លាញ ដោយសារទម្លាប់នៃការជក់បារី។ ប៉ុន្តែហានិភ័យនៃជំងឺគ្រោះថ្នាក់ទាំងនេះ គឺនឹងមិនកើតឡើងបានទេ ប្រសិនបើអ្នកឈប់ជក់បារី៕