អាហារក៏អាចជះឥទ្ធិពលគួរឱ្យបារម្ភលើស្ថានភាពនៃជំងឺឬសដូងបាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរចៀសវាង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរប្រយ័ត្នក្នុងការទទួលទានដើម្បីចៀសផុតបញ្ហានៃជំងឺឬសដូងបាតកាន់តែធ្ងន់ធ្ងរឡើង ៖

១. អាហារមានផ្ទុកជាតិសសៃទាប

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថារបបអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃអាចជួយដោះស្រាយបញ្ហាទល់លាមកនិងទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាតទៀត។ ប៉ុន្តែចំពោះអាហារមានផ្ទុកជាតិសសៃទាបវិញអាចបណ្ដាលឱ្យលាមករឹងដែលបង្កផលវិបាកខ្លាំងជាងមុនចំពោះអ្នកជំងឺឬសដូងបាត។

២. ផលិតផលអាហារ ឬសាច់កែច្នៃ

មានផ្ទុកសារធាតុចិញ្ចឹមតិច​ ប៉ុន្តែសារធាតុគីមីច្រើនប្រភេទខ្ពស់ដែលមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូល ពិសេសប្រសិនបើអ្នកកំពុងជួបប្រទះជំងឺឬសដូងបាត។ ម្យ៉ាងវិញទៀត អាហារ ឬសាច់កែច្នៃមានផ្ទុកគ្រឿងផ្សំដែលអាចបង្កការរលាកដែលជាអ្វីមួយបណ្ដាលឱ្យអាការៈឬសដូងបាតកាន់តែធ្ងន់ធ្ងរ។

៣. អាហារប្រៃ

អាហារប្រៃៗ ឬមានផ្ទុកជាតិសូដ្យូមខ្ពស់អាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើអាការៈនៃជំងឺឬសដូងបាត។ នេះក៏ព្រោះតែអាហារប្រៃបង្កបញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយនិងទល់លាមក។ វាក៏អាចបង្កអាការៈហើមដែលជះឥទ្ធិពលខ្លាំងលើឬសដូងបាត។

៤. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

ការទទួលទានអាហារផ្សំឡើងពីទឹកដោះគោអាចបណ្ដាលឱ្យឬសដូងបាតកាន់តែឈឺចាប់។ មូលហេតុមួយក្នុងចំណោមនោះ គឺអាហារផ្សំឡើងពីទឺកដោះគោអាចបង្កើនការផលិតជាតិហ្គាសហួសប្រមាណបន្ថែមពីលើអាការៈមិនស្រួលផ្សេងទៀតដែលអ្នកជំងឺឬសដូងបាតកំពុងជួបប្រទះស្រាប់។ ម្យ៉ាងវិញទៀតអាហារមានផ្ទុកសម្បូរទៅដោយជាតិទឹកដោះគោអាចបណ្ដាលឱ្យលាមកមានទំហំធំជាងធម្មតា។

៥. អាហារហឹរ

អ្នកក៏គួរចៀសវាងទទួលទានអាហារហឹរផងដែរប្រសិនបើកំពុងជួបប្រទះជំងឺឬសដូងបាត។ ពិសេសប្រសិនបើជំងឺឬសដូងបាតដែលអ្នកជួបប្រទះ គឺប្រភេទមានអាការៈហូរឈាម។ អាហារហឹរអាចបង្កអាការៈឈឺចាប់ខ្លាំងកំឡុងពេលបត់ជើង។

៦. ផ្លែឈើខ្ចី

អ្នកជំងឺឬសដូងបាតមិនគួរទទួលទានផ្លែឈើខ្ចីឡើយ។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហារពិបាកនឹងរំលាយផ្លែឈើខ្ចី។ ម្យ៉ាងវិញទៀតផ្លែឈើខ្ចីមួយចំនួនដូចជាផ្លែចេកអាចបង្កអាការៈទល់លាមក៕