ធ្លាប់ដឹងទេថាការញញឹមអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះកុំភ្លេចញញឹមឱ្យបានច្រើន! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមញញឹម ៖

១. វាជួយពន្យឺតចង្វាក់បេះដូង

ការញញឹមអាចធ្វើឱ្យអ្នកស្ងប់អារម្មណ៍ ហើយជួយពន្យឺតចង្វាក់បេះដូងដែលលោតញាប់។ ជាលទ្ធផលសុខភាពសសៃឈាមបេះដូងនឹងអាចចៀសផុតគ្រោះថ្នាក់។ ដូច្នេះរាល់ពេលដែលអ្នកមានអារម្មណ៍ថាបេះដូងលោតញាប់ ចូរសម្រាកសម្រួលអារម្មណ៍និងញញឹមឡើង។

២. ការញញឹមជួយបន្ថយសម្ពាធឈាមជាបណ្ដោះអាសន្ន

សម្ពាធឈាមឡើងខ្ពស់ជាអ្វីមួយដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសសៃឈាមបេះដូង។ ហើយការញញឹមពិតជាអាចមានឥទ្ធិពលលើកម្រិតនៃសម្ពាធឈាមរបស់អ្នក។ អ្នកអាចសាកល្បងដោតគ្រាន់តែញញឹមសម្រាប់រយៈពេលប៉ុន្មាននាទី រួចវាស់សម្ពាធឈាមមើល។

៣. វាជួយកាត់បន្ថយស្ត្រេស

ការញញឹមឱ្យបានញឹកញាប់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបន្ថយភាពតានតឹងក្នុងអារម្មណ៍។ នេះក៏ព្រោះតែការញញឹមអាចបណ្ដាលឱ្យរាងកាយបញ្ចេញអ័រម៉ូន endorphins ដែលប្រឆាំងទប់ទល់នឹងអ័រម៉ូនស្ត្រេស cortisol។

៤. ជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ

ទោះបីជាការបង្ខំចិត្តញញឹម ប៉ុន្តែវានៅតែអាចជួយលើកកម្ពស់អារម្មណ៍ល្អជាងមុនបាន។ នេះក៏ព្រោះតែការញញឹមបណ្ដាលឱ្យរាងកាយបង្កើនការផលិតអ័រម៉ូនរីករាយ endorphins នោះអី។

៥. ការញញឹមជួយបំបាត់ការឈឺចាប់

ក្រៅពីធ្វើឱ្យអ្នកសប្បាយចិត្តហើយនោះ អ័រម៉ូន endorphins ក៏មានលក្ខណៈសម្បត្តិបំបាត់ការឈឺចាប់ផងដែរ។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

នេះក៏ព្រោះតែការញញឹមជួយផ្ដល់ភាពធូរស្រាលដល់រាងកាយ វាអនុញ្ញាតឱ្យប្រព័ន្ធភាពស៊ាំអាចដំណើរការមុខងារបានកាន់តែប្រសើរឡើង។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីជំងឺផ្សេងៗ ចូរព្យាយាមញញឹមឱ្យបានច្រើន៕