ដំណាក់កាលដែលបង្រៀនកូនឲ្យចេះនិយាយគឺជាដំណាក់កាលដែលសំខាន់បំផុត ដូចនេះអ្នកត្រូវតែធ្វើអ្វីខ្លះដើម្បីជួយកូនឲ្យឆាប់ចេះនិយាយនោះ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៤យ៉ាងក្នុងការបង្រៀនកូនឲ្យឆាប់និយាយ។ តើមានអ្វីខ្លះទៅ?
- ស្តាប់ច្រើន
នៅដំណាក់កាលនៃការបង្រៀនកូនឲ្យចេះនិយាយ អ្នកត្រូវតែឲ្យកូនស្តាប់ឲ្យបានច្រើន មានន័យថា អ្នកត្រូវតែនិយាយរឿងនិទានឲ្យកូនស្តាប់ឲ្យបានច្រើន ហើយអ្នកក៏អាចច្រៀងឲ្យគេស្តាប់បានដែរដោយប្រើពាក្យសាមញ្ញៗ ហើយងាយស្រួលស្តាប់ ដូចនេះពាក្យទាំងឡាយដែលអ្នកនិយាយជាមួយគេនឹងនៅជាប់ខួរក្បាលកូន ដូចនេះវាងាយធ្វើឲ្យគេឆាប់ចេះនិយាយខ្លាំងណាស់។
- មើលច្រើន
អ្នកអាចនាំកូនទៅក្រៅ ឬទៅសួរច្បារ ឬកន្លែងផ្សេងៗបាន ដើម្បីឲ្យកូនចេះសង្កេតមើលធម្មជាតិ និងរបស់ដែលនៅជុំវិញខ្លួន ជាងនេះទៅទៀត អ្នកអាចយកសៀវភៅរឿងនិទានចង្អុររូបឲ្យកូនមើល ហើយប្រាប់ពីឈ្មោះនៃរូបទាំងនោះ នោះកូនអាចនឹងងាយឆាប់ចេះនិយាយខ្លាំងណាស់ ដោយសារតែគេស្គាល់ទាំងរូប និងពាក្យ។
- កម្រើកច្រើន
អ្នកអាចបង្រៀនកូននិយាយដោយបញ្ជាឲ្យកូនធ្វើចលនាផ្សេងៗដូចជា ៖ ដើរ អង្គុយ វៀរ លោត រត់ជាដើម នោះកូននឹងងាយចេះនិយាយខ្លាំងណាស់ ដោយគេចងចាំនូវចលនា រួមជាមួយពាក្យ នោះថ្ងៃណាមួយគេនឹងអាចនិយាយចេញមកជាមិនខានឡើយ។
- និយាយជាមួយកូនច្រើន
អ្នកអាចតែងតែនិយាយជាមួយកូនច្រើន មិនថានៅពេលងូតទឹក ពេលបៅទឹកដោះគោ ពេលលេង ពេលប្តូរខោទឹកនោមឡើយ ព្រោះនៅពេលដែលអ្នកនិយាយជាមួយកូនច្រើន ថ្វីត្បិតតែគេមិនអាចឆ្លើយតបមកអ្នក ប៉ុន្តែយូរទៅគេនឹងយល់ពីអត្ថន័យនៃពាក្យទាំងនោះនៅពេលដែលអ្នកនិយាយដដែលៗ នោះយូរទៅកូននឹងអាចឆ្លើយតបនឹងអ្នកបានហើយ៕