មុនពេលអ្នកចូលទៅក្នុង Google ដើម្បីសួរអំពីរោគសញ្ញារបស់អ្នក យកល្អគួរតែអានអត្ថបទមួយនេះសិន ព្រោះវានឹងមិនបង្ហាញថា ការឈឺក្បាលត្រូវតែជាសញ្ញារបស់ជំងឺមហារីកខួរក្បាលឡើយ។ ចូរដកដង្ហើមជ្រៅៗហើយអានសិន។ មិនខ្វល់ថា វាគឺជាការឈឺក្បាល ឬឈឺខ្នងថ្មី បញ្ហាភ្នែកដ៏ចម្លែក ឬអស់កម្លាំងទេ យកល្អគួរតែស្រមៃថា វាមិនមានអ្វីដែលធ្ងន់ធ្ងរឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈគួរឲ្យខ្លាចមួយចំនួន ប៉ុន្តែធាតុពិតជាមិនមែនជាអ្វីដែលគ្រោះថ្នាក់ឡើយ៖
ឈឺទ្រូង
អ្នកប្រហែលជាគិតថា ឲ្យតែឈឺទ្រូង ដឹងតែវាជាអាការៈនៃជំងឺគាំងបេះដូងហើយ។ ប៉ុន្តែសម្រាប់អ្នកជំងឺវ័យក្មឹង ជាពិសេសអ្នកដែលឈឺទ្រូងតែគ្មានប្រវត្តដែលប្រឈមនឹងជំងឺបេះដូងដូចជា ទឹកនោមផ្អែម សោះនោះ វាប្រហែលជាអាការៈតិចតួចទេ។ ភាគច្រើន ការឈឺទ្រូងលើមនុស្សវ័យក្មេងច្រើនតែទាក់ទងនឹងការក្រហាយដើមទ្រូង ស្រ្តេស ឬថប់អារម្មណ៍ ឬអាចមានសម្ពាធទៅលើសាច់ដុំសន្ទះទ្រូងក្នុងពេលហាត់ប្រាណប៉ុណ្ណោះ។
ញ័រដើមទ្រូង
ការញ័រដើមទ្រូងមិនប្រាកដថាជាបញ្ហាទៅលើបេះដូងទាំងអស់ឡើយ។ គ្រាន់តែបេះដូងលោតខ្លាំងៗបន្តិចអាចធ្វើឲ្យអ្នកខ្លាចបាន ប៉ុន្តែមូលហេតុវាអាចមកពីអ្វីផ្សេងទេដូចជា ស្រ្តេស និងការខ្សោះជាតិទឹក ឬគេងមិនគ្រប់គ្រាន់ និងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក។ ការបន្ថយកាហ្វេ និងចៀសវាងការហាត់ប្រាណខ្លាំងពេក និងបន្ថយស្រ្តេស ប្រហែលជាអាចសម្រួលដល់ការញ័រដើមទ្រូងនេះបាន។
ហឹងក្នុងត្រចៀក
ភាពហឹងក្នុងត្រចៀកយ៉ាងរំខានអាចជាអាការៈមួយនៃភាពចាស់ទៅតាមអាយុធម្មតាៗទេ។ នៅពេលសរសៃឈាមអាក់ទែរឹង ឬមានបញ្ហាលើសសម្ពាធឈាម លំហូរឈាមអាចនឹងប្រែប្រួល និងបង្កើតជាសម្លេងដែលគ្រាន់តែធ្វើឲ្យអ្នកលឺប៉ុណ្ណោះ។ ភាគច្រើនរឿងនេះគ្មានអ្វីត្រូវបារម្ភច្រើនឡើយ ប៉ុន្តែអ្នកក៏គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យផងដែរ។
ញ័រដៃ
យកល្អគួរតែកុំកំណត់រោគវិនិច្ឆ័យដោយខ្លួនឯងថា ឲ្យតែញ័រដៃវាគឺជាជំងឺ Parkinson’s Disease ទាំងអស់នោះទេ។ ជំងឺ Parkinson ច្រើនតែចាប់ផ្តើមទៅលើរាងកាយមួយចំហៀង ហើយក៏ធ្វើឲ្យគាំង ចលនាយឺតៗ និងបាត់បង់ការសហការណ៍ដៃជើងដែរ។ យ៉ាងណាមិញ ការញ័រដៃអាចដោយសារតែការចុះជាតិស្ករក្នុងឈាម ឬបញ្ហាក្រពេញទីរ៉ូអ៊ីត ឬបញ្ហាតិចតួចជាងហ្នឹងទៅទៀត។
ភ្លេចភ្លាំងច្រើន
កាលណាអាយុកាន់តែច្រើន អ្នកនឹងចាប់ផ្តើមភ័យខ្លាចនូវភាពភ្លេចភ្លាំងកាន់តែច្រើនដែរ។ សំណាងដែរ អ្នកអាចសម្រួលអារម្មណ៍ឡើងវិញចំពោះរឿងនេះ ព្រោះថាមនុស្សវ័យក្មេងក៏អាចមានបញ្ហាភ្លេចភ្លាំងបានដែរដោយសារតែភាពស្រ្តេស។
លាមកមានឈាម
ការដែលមើលឃើញឈាមលាយជាមួយលាមក អាចជារឿងដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំង ជាពិសេសអ្នកជំងឺវ័យក្មេងតែម្តង។ ប៉ុន្តែជាធម្មតា របបអាហារដែលមានជាតិសរសៃតិចនឹងអាចបង្កជាការទល់លាមកតិចតួចហើយ។ ការទល់លាមក ក៏ងាយនឹងធ្វើឲ្យមានការធ្លាក់ឈាមដែរ ដោយសារតែដាច់ដោចក្រសាលគូថ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ បើសិនជារឿងនេះមិនបាត់ទៅវិញក្រោយពីចាប់ផ្តើមញ៉ាំទឹកច្រើន និងញ៉ាំអាហារមានជាតិសរសៃរួច ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម៕