តើអ្នកទើបតែដឹងថា ក្នុងឈាមមានចំនួនខ្លាញ់មួយប្រភេទឈ្មោះថា Triglyceride កំពុងតែឡើងខ្ពស់មែនទេ? កុំបារម្ភអី ក្រៅពីធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ និងលេបថ្នាំតាមវេជ្ជបញ្ជា អ្នកក៏អាចប្រើវិធីបញ្ចុះខ្លាញ់ប្រភេទនេះតាមរបៀបផ្តល់សុខភាពបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា កម្រិតនៃជាតិខ្លាញ់ Triglyceride បញ្ជាក់អំពីចំនួនខ្លាញ់ក្នុងចរន្តឈាម។ ជាមធ្យម ស្រ្តី និងបុរសមានចំនួនខ្លាញ់ប្រភេទនេះ ១២៥ ហើយក៏គួរតែទាបជាង ១០០ដែរ។ ប៉ុន្តែបើសិនជាវាឡើងខ្ពស់ពី ១៥០ ទៅ១៩៩ ឬខ្ពស់ជាង ២០០ នោះ វាគឺជារឿងដែលប្រឈមនឹងជំងឺបេះដូង និងការស្លាប់ដោយសារតែជំងឺបេះដូងសរសៃឈាម។ ជំងឺដែលអាចធ្វើឲ្យខ្លាញ់ប្រភេទនេះឡើងខ្ពស់បានមានដូចជា ត្រៀមកើតជំងឺទឹកនោមផ្អែម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងជំងឺក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែរបៀបរស់នៅមួយចំនួនក៏ជំរុញដល់ការឡើងខ្ពស់នៃជាតិខ្លាញ់ Triglyceride ដែរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីធម្មជាតិខ្លះៗដែលអាចជំរុញដល់ការចុះទាបឡើងវិញនៃជាតិខ្លាញ់មួយនេះ៖
ធ្វើចលនារាងកាយ
របៀបក្នុងការបញ្ចុះខ្លាញ់ Triglyceride គឺរំលាយជាតិខ្លាញ់តាមរយៈការហាត់ប្រាណ។ ការហាត់ប្រាណកម្រិតមធ្យមមានជាប់ទាក់ទងនឹងការថយចុះនៃកម្រិត Triglyceride ក្នុងឈាម ២០ភាគរយ នៅពេលប្រៀបធៀបជាមួយអ្នកមិនបានហាត់។ ការហាត់ប្រាណក៏ជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អផងដែរ។ មនុស្សធំគួរតែធ្វើលំហាត់ប្រាណ ១៥០នាទីជារៀងរាល់សប្តាហ៍។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ខណៈពេលដែលអ្នកប្រហែលជាចង់ញ៉ាំស្រាមួយកែវក្រោយពេលធ្វើការពេញមួយថ្ងៃនោះ ចូរគិតឡើងវិញ។ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកគឺជាទម្លាប់មិនផ្តល់សុខភាពសោះ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពកាន់តែខ្លាំងផងដែរ។ គ្រឿងស្រវឹងអាចធ្វើឲ្យចំនួនខ្លាញ់ Triglyceride ឡើងខ្ពស់ ខណៈពេលជំរុញដល់ការលើសសម្ពាធឈាម ធាត់ជ្រុល និងបង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទៀត។
បន្ថយការញ៉ាំផ្អែម
បើសិនជាអ្នកសម្គាល់ឃើញថា អ្នកចូលចិត្តញ៉ាំស្ករសូកូឡាច្រើនជាងកាហ្វេ អ្នកប្រហែលជាកំពុងតែញ៉ាំផ្អែមច្រើនជ្រុល ឬញៀននឹងការញ៉ាំផ្អែមហើយ។ មិនត្រឹមតែប៉ុណ្ណោះ ការញ៉ាំផ្អែមអាចធ្វើឲ្យកម្រិតខ្លាញ់ Triglyceride ឡើងខ្ពស់បាន មិនថាវាជាអាហារ ឬភេសជ្ជៈឡើយ។
ញ៉ាំជាតិសរសៃឲ្យបានច្រើន
របបអាហារមានកាបូអ៊ីដ្រាតទាបត្រូវបានគេរកឃើញថា អាចបន្ថយចំនួន Triglyceride បាន។ ប៉ុន្តែអ្នកមិនចាំបាច់កាត់បន្ថយវាទាំងស្រុងឡើយបើសិនជាអ្នកជ្រើសរើសការញ៉ាំផ្លែឈើដែលមានជីវជាតិ និងជាតិសរសៃច្រើនហើយ។ កាបូអ៊ីដ្រាតកំផ្លេចដែលមានជាតសរសៃខ្ពស់គួរតែជាផ្នែកមួយនៃគម្រោងអាហាររបស់អ្នក ព្រោះជាតិសរសៃនឹងបន្ថយការបឺតស្រូបជាតិផ្អែម និងខ្លាញ់ចូលទៅក្នុងពោះវៀនតូច។ បន្លែដែលសម្បូរជាតិសរសៃមានដូចជា ប្រូខូលី ដំឡូងបារាំង និងការ៉ុត។
បង្កើនការញ៉ាំខ្លាញ់អូមេហ្គាបី
ការញ៉ាំសាច់ត្រីសាលម៉ុងជំនួសសាច់គោ ក៏អាចជួយបញ្ចុះខ្លាញ់ Triglyceride ដែរ ដោយសារតែត្រីសាលម៉ុងផ្ទុកទៅដោយខ្លាញ់មានប្រយោជន៍ផ្សេងមួយទៀត។ អាស៊ីតខ្លាញ់អូមេហ្គាបី ឬជាខ្លាញ់ Polyunsaturated Fat ដែលមានក្នុងអាហារជាច្រើនដូចជា ត្រីសម្បូរខ្លាញ់ផ្សេងៗ មានជាប់ទាក់ទងនឹងការថយចុះរបស់ខ្លាញ់ Triglyceride នេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះយកល្អគួរតែញ៉ាំត្រីប្រភេទនេះឲ្យបានពីរដងក្នុងមួយសប្តាហ៍៕