ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេងម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានឥទ្ធិពលលើការលូតលាស់នៃសក់ ៖
១. ត្រីសម្បូរខ្លាញ់
មួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលបង្កបញ្ហាសក់ជ្រុះ គឺការរលាក! ទោះជាយ៉ាងណាការរលាកក្នុងរាងកាយអាចគ្រប់គ្រងបានដោយមានជំនួយពីអាស៊ីតខ្លាញ់អូមេហ្កា ៣។ ហើយប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់នេះ គឺត្រីសម្បូរខ្លាញ់។ អាស៊ីតខ្លាញ់អូមេហ្កា ៣ មានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពស្បែកក្បាលដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់។ ម្យ៉ាងវិញទៀតត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D និងអាស៊ីតអាមីណូដែលមានឥទ្ធិពលជួយឱ្យសក់លូតលាស់បានឆាប់រហ័សផងដែរ។
២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
ក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានលើសពីមួយក្ដាប់ពេញក្នុងមួយថ្ងៃឡើយ។
៣. ស៊ុត
ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់អ្នកកំពុងជួបប្រទះបញ្ហាសក់ជ្រុះ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីនវីតាមីន B មួយប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់បញ្ហាសក់ជ្រុះ។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់ពង្រឹងឬសនៃសក់ផងដែរ។
៤. សាច់គ្មានខ្លាញ់
អ្នកក៏គួររួមបញ្ចូលសាច់គ្មានខ្លាញ់ក្នុងរបបអាហារផងដែរដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាសក់ជ្រុះ។ សាច់គ្មានខ្លាញ់មានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ដែលល្អសម្រាប់សុខភាពសក់។
៥. សណ្ដែក
សណ្ដែកជាប្រភពដ៏ប្រសើរបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់។ ដូច្នេះប្រសិនបើចង់ទប់ស្កាត់បញ្ហាសក់ជ្រុះអ្នកក៏គួររួមបញ្ចូលសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
៦. ការ៉ុត
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតជាតិប្រេងធម្មជាតិនៃសក់ ដើម្បីរក្សាបាននូវស្បែកក្បាលមានសុខភាពល្អ។ ប្រសិនបើគ្មានជាតិប្រេងគ្រប់គ្រាន់ទេនោះស្បែកក្បាលនឹងប្រែជាស្ងួត ងាយជ្រុះ ហើយរមាស់។
៧. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។
៨. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ៕