តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាប្រសិនបើឈប់ទទួលទានភេសជ្ជៈផ្អែមមានជាតិហ្គាសរាងកាយនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការឈប់ទទួលទានភេសជ្ជៈកំប៉ុង ឬភេសជ្ជៈផ្អែមមានជាតិហ្គាស ៖

១. បេះដូង

មួយក្នុងចំណោមសរីរាង្គដែលទទួលបានអត្ថប្រយោជន៍បំផុតពីការឈប់ទទួលទានភេសជ្ជៈសូដា គឺបេះដូង។ នេះក៏ព្រោះតែការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថាការទទួលទានភេសជ្ជៈផ្អែម ឬភេសជ្ជៈសូដាហួសប្រមាណ ឬជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។ ដូច្នេះការបញ្ឈប់ ឬកម្រិតការទទួលទានភេសជ្ជៈកំប៉ុងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

២. ខួរក្បាល

សូដា ឬភេសជ្ជៈកំប៉ុងអាចជះផលប៉ះពាល់ដល់សុខភាពខួរក្បាលច្រើនជាងអ្វីដែលយើងអាចគិតដល់។ ជាតិកាហ្វេអ៊ីននិងជាតិស្ករខ្ពស់ក្នុងភេសជ្ជៈកំប៉ុងអាចបង្កគ្រោះថ្នាក់គួរឱ្យបារម្ភចំពោះសុខភាពខួរក្បាល។ ហើយសារធាតុគីមីផ្សេងទៀតរួមបញ្ចូលជាមួយស្ករនិងកាហ្វេអ៊ីនក្នុងភេសជ្ជៈកំប៉ុងអាចជះឥទ្ធិពលអវិជ្ជមានចំពោះការគិតនិងមុខងារខួរក្បាល។

៣. ឆ្អឹង

ហានិភ័យនៃបញ្ហាពុកឆ្អឹងនឹងត្រូវបានកាត់បន្ថយគួរ​ឱ្យកត់សម្គាល់ប្រសិនបើអ្នកឈប់ទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកជាតិស្ករខ្ពស់។ ជាធម្មតាក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិកអាចរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតសូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយនិងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។

៤. ផ្លោកនោម

អ្នកដែលទម្លាប់ទទួលទានភេសជ្ជៈកំប៉ុងច្រើនតែនោមញឹក។ នេះក៏ព្រោះតែភេសជ្ជៈប្រភេទនេះមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ ជាលទ្ធផលវាអាចបង្កផលប៉ះពាល់ដល់ផ្លោកនោមគួរឱ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកឈប់ទទួលទានភេសជ្ជៈកំប៉ុង នោះផ្លោកនោមក៏អាចចៀសផុតហានិភ័យនៃការឆ្លងមេរោគ ឬរលាក ហើយដំណើរការមុខងារកាន់តែប្រសើរឡើង។

៥. ធ្មេញ

ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងច្រើនតែមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចបង្កការខូចខាតដល់ធ្មេញ។ ដូច្នេះប្រសិនបើអ្នកឈប់ទទួលទានភេសជ្ជៈកំប៉ុងនោះហានិភ័យនៃជំងឺពុកធ្មេញ ឬបញ្ហាធ្មេញដង្កូវស៊ីក៏ត្រូវបានកាត់បន្ថយ៕