កំឡុងពេលមករដូវអាចបង្កអាការៈឈឺចាប់និងគួរឱ្យរំខានជាច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអាការៈអាចកាន់តែអាក្រក់ជាងមុនប្រសិនបើអ្នកមិនបញ្ឈប់ទង្វើមួយចំនួន។ ថាតើទង្វើទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីចំណុចមួយចំនួនដែលអាចធ្វើឱ្យអាការៈពេលមករដូវកាន់តែអាក្រក់ឡើង ៖

១. ស្ត្រេសពេក

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជះឥទ្ធិពលគួរឱ្យបារម្ភជាច្រើនចំពោះទាំងសុខភាពផ្លូវកាយនិងចិត្ត។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាភាពតានតឹងក្នុងអារម្មណ៍ក៏អាចបង្កផលប៉ះពាល់ដល់រដូវផងដែរ? នៅពេលស្ត្រេសនោះអ័រម៉ូនស្ត្រេស cortisol នឹងត្រូវបានបញ្ចេញក្នុងប្រព័ន្ធរាងកាយដែលនាំឱ្យរដូវមិនទៀង អារម្មណ៍កាន់តែឆេវឆាវ ហើយឈឺចុកក្នុងពោះខ្លាំងជាងមុន។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នក។

២. ម៉ោងគេងមិនទៀងទាត់

ក្រៅពីការគេងមិនបានគ្រប់គ្រាន់ហើយនោះ សូម្បីតែគេងមិនទៀងម៉ោងក៏ជះផលប៉ះពាល់ដល់ស្ថានភាពនៃការមករដូវដែលអាចបណ្ដាលឱ្យកាន់តែអាក្រក់ឡើង ឬមកមិនទៀង! ស្ត្រីមួយចំនួនថែមទាំងជួបប្រទះអាការៈឈឺចុករមួលក្នុងពោះខ្លាំងនិងចង្អោរចង់ក្អួតទៀតផង។

៣. ញៀនកាហ្វេអ៊ីន

កាហ្វេអ៊ីនច្រើនពេកក្នុងប្រព័ន្ធរាងកាយអាចបណ្ដាលឱ្យអាការៈកំឡុងពេលមករដូវប្រែជាអាក្រក់ខ្លាំងឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នកប្រសិនបើមិនអាចបញ្ឈប់ ឬផ្អាកបាន។ ការទទួលទានមិនលើសពី ២ ពែងក្នុងមួយថ្ងៃ គឺល្អបំផុតកំឡុងពេលមករដូវ។ វាក៏ជាការសំខាន់ផងដែរក្នុងការបន្ថយការទទួលទានភេសជ្ជៈនិងអាហារមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនមួយសប្តាហ៍មុននិងកំឡុងពេលមករដូវ៕