ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទឹកបន្លែនិងផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគទៀតផង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទឹកបន្លែនិងផ្លែឈើស្រស់ៗដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖
១. ទឹកការ៉ុត
ជាបន្លែដ៏ប្រសើរជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំនិងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានទឹកការ៉ុតស្រស់ៗ។
២. ទឹកមើមឆៃថាក្រហម
អ្វីដែលធ្វើឱ្យទឹកបន្លែមើមនេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ គឺដោយសារវាមានផ្ទុកសម្បូរទៅដោយជាតិរ៉ែនិងវីតាមីនសំខាន់ៗរួមបញ្ចូលទាំងវីតាមីន A វីតាមីន C ជាតិដែក កាល់ស្យូម ប៉ូតាស្យូម និងម៉ង់កាណែស។ ដើម្បីបង្កើនរសជាតិនិងស្រួលទទួលទានអ្នកគួរកិនបន្លែមើមនេះលាយជាមួយផ្លែឈើ ឬបន្លែដទៃទៀត។
៣. ទឹកដូង
អ្នកអាចជៀសផុតពីជំងឺដោយគ្រាន់តែទទួលទានទឹកដូងជាប្រចាំ។ នោះក៏ព្រោះតែទឹកដូងជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងប្រសើរដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញនិងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។
៤. ទឹកក្រូចឆ្មារ
វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៥. ទឹកផ្លែប៉ោមស្រស់
ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។
៦. ទឹកផ្លែគីវីស្រស់
គីវីជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន A និងវីតាមីន E ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធភាពស៊ាំរឹងមាំ។ ជាតិសសៃនិងប៉ូតាស្យូមនៃផ្លែគីវីក៏ល្អសម្រាប់សុខភាពសសៃឈាមបេះដូងផងដែរ។
៧. ទឹកបន្លែផ្កាខាត់ណាខៀវ
ខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene និងវីតាមីន C។ ដូច្នេះការរួមបញ្ចូលផ្កាខាត់ណាខៀវ ឬទឹកបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អបំផុតសម្រាប់រក្សាក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំឡើង។
៨. ទឹកប៉េងប៉ោះស្រស់
ភេសជ្ជៈនេះជាប្រភពដ៏ប្រសើរនៃវីតាមីន B9 ឬសារធាតុ folate ដែលកាត់បន្ថយហានិភ័យការឆ្លងមេរោគដោយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូមដែលជួយប្រឆាំងការរលាកផងដែរ។
៩. ទឹកផ្លែល្ហុង
ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
១០. តែខ្ញី
ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញី ឬតែខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕