ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! បញ្ហាឈឺសន្លាក់ ជំងឺរលាកសន្លាក់ ក៏ដូចជាការរលាកផ្សេងៗក្នុងរាងកាយ អាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈការរួមបញ្ចូលតែធម្មជាតិមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងនូវប្រភេទនៃតែដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាសុខភាពសន្លាក់ចៀសផុតពីជំងឺ ឬអាការៈរលាកផ្សេងៗ ៖

១. តែខ្ញី

តែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយនៅពេលការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។

២. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុត ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ។

៣. តែរមៀត

រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។ អ្នកអាចលាយម្សៅរមៀតកន្លះស្លាបព្រាជាមួយទឹកដោះគោ ១ ពែង។

៤. តែឈើអែម

អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃឈើអែម គឺប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ។ ដូច្នេះការទទួលទានតែឈើអែមជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលកើតឡើងដោយសារការរលាកក្នុងរាងកាយរួមបញ្ចូលទាំងអាការៈឈឺសន្លាក់។

ប្រយ័ត្ន! ប្រសិនបើកំពុងប្រើប្រាស់ថ្នាំណាមួយដែលមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតត្រឹមត្រូវ អ្នកមិនគួរឈប់លេបដោយប្ដូរមកទទួលទានតែរុក្ខជាតិណាមួយជំនួសឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបប្រសើរ៕