ពិបាកដកដង្ហើម តឹងច្រមុះ ក្អករ៉ាំរ៉ៃ ភ្នែកហើមៗនៅពេលព្រឹក គឺសុទ្ធតែជារោគសញ្ញាមួយចំនួននៃបញ្ហាឡើងស្លេស រំអិល ឬសំបោរច្រើនពេកក្នុងរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការផលិតជាតិរំអិល ស្លេស ឬសំបោរច្រើនពេកអាចបណ្ដាលមកពីបាក់តេរី វីរុស ប្រតិកម្មអាឡែកស៊ី និងការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីខ្លាំងមួយចំនួន។ ទោះជាយ៉ាងណាអាហារក៏ជាកត្តាចម្បងបំផុតមួយនៃការផលិតស្លេស រំអិល ឬសំបោរហួសប្រមាណក្នុងរាងកាយផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលបង្កើនការផលិតស្លេស រំអិល ឬសំបោរ ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
អ្នកជំនាញជាច្រើននិយាយថាទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោអាចនាំឱ្យកោសិកាបង្កើនការផលិតរំអិលក្នុងរាងកាយ។ នោះក៏ព្រោះតែវាមានផ្ទុកសារធាតុ Casein និងឡាក់តូស។
២. សណ្ដែកសៀង និងអាហារផ្សេងៗផ្សំឡើងពីសណ្ដែកសៀង
ការទទួលទានសណ្ដែកសៀងនិងអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងច្រើនពេកក៏អាចជាមូលហេតុនៃការផលិតស្លេស រំអិល ឬសំបោរហួសប្រមាណផងដែរ។
៣. អាហារនិងភេសជ្ជៈផ្អែមៗ
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនក៏បង្កបញ្ហាតឹងច្រមុះពិបាកដង្ហើមដោយសារការកើនឡើងនៃស្លេស ឬសំបោរផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានស្កររបស់អ្នក ប្រសិនបើកំពុងមានអារម្មណ៍មិនស្រួលដោយសារស្លេស ឬសំបោរច្រើនពេក។
៤. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ក៏ព្រោះតែអាការៈតឹងច្រមុះអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំង អ្នកប្រហែលជាចង់ទទួលទានកាហ្វេមួយពែងដើម្បីស្ដារថាមពលដាស់អារម្មណ៍ឱ្យស្វាងឡើងវិញ។ ប៉ុន្តែកុំធ្វើបែបនេះឱ្យសោះ! អ្នកជំនាញជាច្រើនបានឱ្យដឹងថាកាហ្វេអ៊ីនក្នុងកាហ្វេអាចបណ្ដាលឱ្យកោសិកាម្ដុំផ្លូវដង្ហើមផលិតសំបោរ ឬរំអិលហួសប្រមាណ។ ចូរទទួលទានទឹកធម្មតាច្រើនជំនួសវិញទើបប្រសើរអាចពង្រាវស្លេសជួយឱ្យដកដង្ហើមស្រួលបានខ្លះ។
៥. សាច់ក្រហមនិងសាច់កែច្នៃ
ខណៈដែលវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងជាតិដែក សាច់ក្រហមក៏អាចជាកត្តាចម្បងបំផុតមួយនៃការផលិតរំអិល ស្លេស ឬសំបោរច្រើនពេកផងដែរ។ ដូច្នេះប្រសិនបើកំពុងមានបញ្ហាពាក់ព័ន្ធនឹងស្លេស ឬសំបោរហើយនោះចូរកាត់បន្ថយការទទួលទានសាច់ក្រហម ជាពិសេសសាច់ខ្លាញ់។ សាច់កែច្នៃក៏គួរដកចេញពីរបបអាហារផងដែរ។
៦. អាហារហឹរ
អាហារហឹរបង្កើនការបញ្ចេញនូវសារធាតុ histamine ក្នុងរាងកាយដែលបង្កការរលាកនិងជាមូលហេតុមួយដែលបណ្ដាលឱ្យអ្នកហៀរសំបោរស្ទះក្នុងច្រមុះកាន់តែខ្លាំង ព្រមទាំងហើមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានអាហារហឹរកំឡុងពេលហៀរសំបោរឡើយ។
៧. ប៉េងប៉ោះ
ទោះបីជាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ប៉ុន្តែប៉េងប៉ោះអាចបណ្ដាលឱ្យអាការៈអាឡែកស៊ីរបស់អ្នកកាន់តែអាក្រក់ឡើងក្នុងករណីខ្លះ។ នេះក៏ព្រោះតែប៉េងប៉ោះអាចបង្កើនកម្រិតនៃសារធាតុ histamine ដែលបណ្ដាលឱ្យស្លេសកើនឡើង។ ម្យ៉ាងវិញទៀតជាតិអាស៊ីតក្នុងប៉េងប៉ោះដែលអាចបង្កអាការៈច្រាលទឹកអាស៊ីតក្រពះនាំឱ្យហើមនិងស្លេសគាំងជាប់បំពង់ក៕