ពិតណាស់ ផ្លែឈើ គឺល្អចំពោះសុខភាព ដោយវាមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ជាច្រើនប្រភេទ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  សំខាន់ជាងនេះទៅទៀត ផ្លែឈើ គឺគ្មានផ្ទុកជាតិខ្លាញ់មិនល្អ និងកូលេស្តេរ៉ុលអាក្រក់។ ទោះជាយ៉ាងណាការទទួលទានផ្លែឈើច្រើនពេកក៏មិនមែនជាជម្រើសដ៏ប្រសើរឡើយ! ធ្វើយ៉ាងណាទើបដឹងថាខ្លួនឯងកំពុងតែញ៊ាំផ្លែឈើច្រើនពេកនោះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងពេលអ្នកទទួលទានផ្លែឈើច្រើនពេក ​៖

១. កើនទម្ងន់ខ្លាំង ឬធាត់ជ្រុល

ការទទួលទានផ្លែឈើក្នុងបរិមាណត្រឹមត្រូវអាចជួយឱ្យស្រកទម្ងន់ ប៉ុន្តែប្រសិនបើញ៊ាំច្រើនពេកវិញ គឺអាចនឹងកើនទម្ងន់យ៉ាងងាយ! នេះក៏ព្រោះតែផ្លែឈើមានផ្ទុកជាតិស្ករ fructose។ ទោះបីស្ករក្នុងផ្លែឈើនេះល្អជាតិស្ករចម្រាញ់ផ្សេងទៀត ប៉ុន្តែការទទួលទានច្រើនពេកនៅតែធ្វើឱ្យអ្នកកើនទម្ងន់គួរឱ្យកត់សម្គាល់។

២. ឃ្លានស្ករខ្លាំង

បញ្ហាមួយទៀតពាក់ព័ន្ធនឹងជាតិស្ករ fructose ដែលមានក្នុងផ្លែឈើនោះ គឺវាអាចបណ្ដាលឱ្យញៀនដូចស្ករធម្មតាដែរ។ នេះមានន័យថាអ្នកមិនត្រឹមតែឃ្លានផ្លែឈើដែលមានជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងអាហារផ្សេងទៀតដែលមានផ្ទុកជាតិស្ករ។

៣. ជាតិស្ករក្នុងឈាមឡើងខ្ពស់

ការទទួលទានផ្លែឈើច្រើនជាងចាំបាច់នោះលំពែងនឹងផលិតអាំងស៊ុយលីនបន្ថែមដើម្បីសម្រូលចលនានៃស្ករពីឈាមទៅកាន់រាល់កោសិកា។ ខណៈពេលនេះបញ្ហាធន់នឹងអាំងស៊ុយលីនប្រាកដជាអាចកើតឡើងដែលមានន័យថារាងកាយមិនអាចប្រើប្រាស់ជាតិស្ករបានត្រឹមត្រូវ។ ហើយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺធាត់ជ្រុលជាមិនខាន។

៤. ហើមពោះ

បញ្ហាមួយទៀតដែលជាតិស្ករ fructose ក្នុងផ្លែឈើអាចនាំមក គឺពិបាករំលាយអាហារដែលបង្កអាការៈឈឺក្នុងពោះ ហើមពោះ និងឡើងហ្គាសច្រើន។

៥. ងាយនឹងឡើងមុន

មនុស្សមួយចំនួនជួបប្រទះអាការៈអតុល្យភាពអ័រម៉ូនក្រោយពេលទទួលទានផ្លែឈើច្រើនពេក ជាពិសេសអ្នកដែលប្រតិកម្មនឹងការឡើងខ្ពស់នៃអាំងស៊ុយលីនជាលទ្ធផលពីការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។ អ្នកអាចជាម្នាក់ក្នុងចំណោមនោះប្រសិនបើអ្នកងាយនឹងឡើងមុនក្រោយពេលទទួលទានផ្លែឈើច្រើន។

៦. រាគ

ប្រសិនបើអ្នកទទួលទានផ្លែឈើច្រើនពេក អ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហារាគ។ នេះក៏ព្រោះតែជាតិសសៃស្រូបយកទឹកច្រើនដែលនាំឱ្យអ្នករាគ។

៧. ទល់លាមក

ក្រៅពីរាគ ការទទួលទានផ្លែឈើច្រើន ពិសេសផ្លែឈើខ្ចី រួមបញ្ចូលទាំងការមិនបានទទួលទានឬឹកច្រើនគ្រប់គ្រាន់ គឺអាចបណ្ដាលឱ្យអ្នកទៅជាទល់លាមកវិញគួរឱ្យកត់សម្គាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង