ភេសជ្ជៈកំប៉ុងកំពុងទទួលបានការពេញនិយមជាខ្លាំង ទោះជាយ៉ាងណាភេសជ្ជៈនេះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផលប៉ះពាល់នៃការទទួលទានភេសជ្ជៈកំប៉ុងមានជាតិស្ករខ្ពស់ ឬសូដាចំពោះរាងកាយ គឺឆាប់រហ័ស និងគួរឱ្យព្រួយបារម្ភណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៃការទទួលទានភេសជ្ជៈកំប៉ុងជាប្រចាំជំនួសទឹកធម្មតា ៖
១. អ្នកនឹងមានជំងឺពុកធ្មេញ
សូដា ឬភេសជ្ជៈផ្អែមភាគច្រើនមានផ្ទុកជាតិពណ៌សិប្បនិម្មិតដែលអាចប្រឡាក់ជាប់លើធ្មេញ។ ប្រសិនបើអ្នកទទួលទានតែភេសជ្ជៈសូដាច្រើនជាងទឹក ឬជំនួសទឹក នោះស្នាមញញឺមរបស់អ្នកនឹងត្រូវបានបំផ្លាញដោយសារស្ថានភាពធ្មេញមិនល្អជាក់ជាមិនខាន។ ម្យ៉ាងវិញទៀតការទទួលទានភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ អាស៊ីតផូស្វ័រិក និងស៊ីទ្រិកអាស៊ីតដូចជាសូដាជំនួសទឹកក៏បង្កគ្រោះថ្នាក់ដល់កាចាធ្មេញផងដែរ។ ជាលទ្ធផលហានិភ័យនៃជំងឺពុកធ្មេញនឹងកើនឡើង។
២. ហានិភ័យនៃជំងឺពុកឆ្អឹង
ក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិកអាចរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតសូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយនិងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។
៣. ធាត់ជ្រុល ឬលើសទម្ងន់
នេះក៏ព្រោះតែភេសជ្ជៈសូដាមានផ្ទុកជាតិស្ករខ្ពស់! ដូច្នេះអ្នកប្រាកដជាអាចនឹងជួបប្រទះបញ្ហាធាត់ជ្រុល ឬលើសទម្ងន់ប្រសិនបើមានទម្លាប់ទទួលទានភេសជ្ជៈសូដាច្រើនជាងទឹក ឬជំនួសទឹកតែម្ដង។ នេះមិនមែនមានន័យថាអ្នកគួរជ្រើសរើសទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំជំនួសវិញនោះទេ! ក៏ព្រោះជាតិផ្អែមសិប្បនិម្មិតអាចបណ្ដាលឱ្យអ្នកធាត់បានដូចស្ករធម្មតាដែរ។
៤. ហានិភ័យនៃជំងឺបេះដូង
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថាការទទួលទានភេសជ្ជៈផ្អែម ឬភេសជ្ជៈសូដាហួសប្រមាណ ឬជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។ ការទទួលទានជាតិស្ករច្រើនពេកក៏បង្កើនហានិភ័យនៃជំងឺផ្សេងៗទៀត រួមបញ្ចូលទាំងជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម បញ្ហាខ្លាញ់រុំថ្លើម សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាលើសកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកផ្លែឈើស្រស់ៗជំនួសវិញ
៥. ហានិភ័យនៃជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកទទួលទានភេសជ្ជៈសូដា ឬភេសជ្ជៈផ្អែមជំនួសទឹក នោះអ្នកប្រាកដជាចៀសមិនផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែមឡើយ។ ភេសជ្ជៈកំប៉ុងភាគច្រើនមានផ្ទុកជាតិស្ករខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ ចំពោះភេសជ្ជៈកំប៉ុងគ្មានជាតិស្ករវិញក៏ដូចគ្នា! មួយក្នុងចំណោមមូលហេតុចម្បងដែលមនុស្សភាគច្រើនជ្រើសរើសភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជំនួសភេសជ្ជៈកំប៉ុងធម្មតាដោយសារគិតថាអាចចៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជាក់ស្ដែងតាមពិតទៅការទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំមិនយូរមិនឆាប់នៅតែបង្កជំងឺទឹកនោមផ្អែមដដែលដោយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម។ ភេសជ្ជៈគ្មានផ្ទុកជាតិស្ករបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលជាដើមហេតុដំបូងនៃជំងឺទឹកនោមផ្អែម។ ជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ជាតិផ្អែមសិប្បនិម្មិតក៏ជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមផងដែរ៕