កម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់ខុសធម្មតាបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតគួរឱ្យព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាស្ត្រីភាគច្រើនមិនបានដឹងថាអ័រម៉ូន estrogen ខ្លួនឯងកំពុងឡើងខ្ពស់ឡើយរហូតដល់ជួបប្រទះអាការៈខុសធម្មតាមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈនៃបញ្ហាអ័រម៉ូន estrogen កំពុងឡើងខ្ពស់ ៖

១. រដូវមកមិនទៀង ឬខុសប្រក្រតី

មានមូលហេតុច្រើនគួរសមដែរពាក់ព័ន្ធនឹងបញ្ហារដូវមកមិនទៀង ឬយឺត ហើយមួយក្នុងចំណោមនោះ គឺកម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់។ ប្រសិនបើរដូវរបស់អ្នកមកយឺត ប៉ុន្តែអ្នកគ្មានផ្ទៃពោះទេនោះវាច្បាស់ណាស់ដែលអ្នកកំពុងជួបប្រទះបញ្ហាអ័រម៉ូន estrogen ឡើងខ្ពស់ហើយ។ គួរចាំក្នុងចិត្តថារដូវរបស់អ្នកទាមទារតុល្យភាពនៃអ័រម៉ូន estrogen និង progesterone។ ដូច្នេះប្រសិនបើអ័រម៉ូនណាមួយខ្ពស់ជាងនោះវានឹងជះឥទ្ធិពលដល់វដ្ដនៃរដូវ។

២. ភាពប្រែប្រួលនៃអារម្មណ៍

ការកើនឡើងនូវកម្រិតនៃអ័រម៉ូន estrogen ក៏អាចជះឥទ្ធិពលដល់អារម្មណ៍គួរឱ្យកត់សម្គាល់។ ស្ត្រីមួយចំនួនដែលមានកម្រិតអ័រម៉ូន estrogen ខ្ពស់អាចឆាប់ខឹង ហើយបាក់ទឹកចិត្ត អារម្មណ៍ប្រែប្រួលឆាប់រហ័ស។

៣. ឧស្សាហ៍ឈឺក្បាល

មនុស្សស្រីភាគច្រើនងាយនឹងជួបប្រទះអាការៈឈឺក្បាលប្រកាំងនិងឈឺក្បាលប្រភេទផ្សេងៗដោយសារការប្រែប្រួលឥតឈប់នៃកម្រិតអ័រម៉ូន estrogen។ ទោះជាយ៉ាងណាអាការៈឈឺក្បាលឧស្សាហ៍កើតមាននៅពេលអ័រម៉ូន estrogen ឡើងខ្ពស់។

៤. បញ្ហាពាក់ព័ន្ធនឹងការគេង

ស្ត្រីដែលមានកម្រិតនៃអ័រម៉ូន estrogen ខ្ពស់ច្រើនតែពិបាកក្នុងការគេងលក់។

៥. ជ្រុះសក់

អាការៈមួយទៀតដែលរាងកាយព្យាយាមបង្ហាញឱ្យដឹងនៅពេលអ័រម៉ូន estrogen កំពុងឡើងខ្ពស់ គឺជ្រុះសក់។ អ្នកនឹងសម្គាល់ឃើញថាសក់ហាក់ដូចជាជ្រុះខ្លាំងខុសធម្មតានៅពេលអ័រម៉ូន estrogen ឡើងខ្ពស់។

៦. ឈឺសុដន់

ស្ត្រីភាគច្រើនមានអារម្មណថាសុដន់របស់ពួកគេមានភាពប្រែប្រួលកំឡុងពេលមករដូវនិងមានផ្ទៃពោះដោយសារសុដន់ប្រតិកម្មខ្លាំងទៅនឹងអ័រម៉ូន។ ប្រសិនបើអ្នកជួបប្រទះអាការៈឈឺសុដន់ ឬសម្គាល់ឃើញថាហើមជាងធម្មតា នោះវាអាចជាសញ្ញានៃបញ្ហាអ័រម៉ូន estrogen ឡើងខ្ពស់។

៧. កើនទម្ងន់

អ្នកមិនបានញ៊ាំច្រើនពេកនិងគេងរហូតទេ ប៉ុន្តែទម្ងន់របស់អ្នកហាក់ដូចជាឡើងឥតឈប់។ នេះវាអាចជាសញ្ញាមួយនៃការលើសអ័រម៉ូន estrogen ហើយ! អ្នកក៏អាចនឹងជួបប្រទះអាការៈហើមនិងពិបាកសម្រកទម្ងន់សូម្បីព្យាយាមតមអាហារក៏ដោយ៕