ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាប្រភេទនៃអាហារមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើបញ្ហាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារគួរចៀសវាង ឬចាំបាច់ទទួលទាននៅពេលស្ត្រេស ៖

  • អាហារនិងភេសជ្ជៈដែលគួរចៀសវាង

១. កាហ្វេអ៊ីន

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលនឹងធ្វើអោយបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ ហើយដូចបានរៀបរាប់ខាងលើកង្វះជាតិទឹកក្នុងរាងកាយជាកត្តាចម្បងមួយនៃបញ្ហាអារម្មណ៍ប្រែប្រួលឆាប់រហ័ស។

២. ផលិតផលអាហារផ្សំឡើងពីម្សៅចម្រាញ់

នំគុកឃី នំស្រួយ ភីហ្សាជាដើមសុទ្ធតែធ្វើឡើងពីម្សៅចម្រាញ់ដែលជាអ្វីមួយផ្សារភ្ជាប់នឹងការរលាក។ ហើយអ្នកគួរដឹងថាការរលាក គឺជាអ្វីមួយដែលជះឥទ្ធិពលកាន់តែគួរឱ្យព្រួយបារម្ភនៅពេលអ្នកកំពុងស្ត្រេស ឬមានអារម្មណ៍តានតឹង។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬចៀសវាងការទទួលទានអាហារផ្សំឡើងពីម្សៅចម្រាញ់ក្នុងអំឡូងពេលនេះ។

៣. អាហារមានផ្ទុកជាតិស្ករខ្ពស់

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ ហើយអ្នកនឹងមានអារម្មណ៍កាន់តែស្ត្រេសខ្លាំងនៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ម្យ៉ាងវិញទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៤. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងមិនអាចជួយឱ្យអ្នកបាត់ស្ត្រេសដូចដែលធ្លាប់បានគិតឡើយ! ការពិតនោះគឺគ្រឿងស្រវឹងមានតែផ្ដល់ឱ្យរាងកាយពេញទៅដោយជាតិពុលដែលពិបាកនឹងកម្ចាត់ចោល ឬបញ្ចេញមកក្រៅពិសេសកំឡុងពេលអ្នកកំពុងស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ស្រាប់។ លើសពីនេះទៅទៀតការទទួលទានគ្រឿងស្រវឹងមិនជួយឱ្យអ្នកគេងបានស្កប់ឡើងដែលជាហេតុធ្វើឱ្យក្រោកមកអស់កម្លាំងមិនស្រស់ស្រាយនៅព្រឹកបន្ទាប់។

៥. អាហារកែច្នៃ

អាហារប្រភេទនេះគ្មានផ្ទុកសារធាតុចិញ្ចឹមនិងជាតិរ៉ែចាំបាច់ដែលរាងកាយត្រូវការដើម្បីគ្រង់គ្រងស្ត្រេសឡើយ ប៉ុន្តែបែរជាមានផ្ទុកសម្បូរទៅដោយសារធាតុរក្សាទុកបានយូរ គ្រឿងផ្សំកែច្នៃបន្ថែមរសជាតិ និងសារធាតុគីមីផ្សេងៗដែលមិនល្អចំពោះសុខភាពទៅវិញ។

  • អាហារនិងភេសជ្ជៈដែលគួរទទួលទាន

១. ទឹក

ជាភេសជ្ជៈដែលងាយនឹងរកបានបំផុត។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីបន្ថយឥទ្ធិពលនៃភាពស្ត្រេសលើសុខភាពរាងកាយនិងផ្លួវចិត្ត។ គួរបញ្ជាក់ផងដែរថាកង្វះជាតិទឹកក្នុងរាងកាយក៏ជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាស្ត្រេសផងដែរ។

២. ទឹកដូង

ចូរទទួលទានទឹកដូងមួយកែវពេលអ្នកមានអារម្មណ៍ស្ត្រេស។ ភេសជ្ជៈធម្មជាតិនេះនឹងផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នកភ្លាមៗ ព្រមទាំងមានរសជាតិឆ្ងាញ់ថែមទៀតដោយវាមានផ្ទុកវីតាមីន B។

៣​. តែបៃតង

ភេសជ្ជៈនេះមានផ្ទុកកាហ្វេអ៊ីនតិចជាងកាហ្វេ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃសារធាតុដែលជួយសម្រួលដល់អារម្មណ៍។ ការទទួលទានតែបៃតងមួយពែងអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាងនិងធូរស្រាលបានយ៉ាងឆាប់រហ័ស។

៤. តែរុក្ខជាតិ

ប្រសិនបើអ្នកទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនមិនបាន អ្នកអាចប្ដូរមកជាតែរុក្ខជាតិជំនួសវិញ។ ឧទាហរណ៍តែផ្កា Chamomile! ក្រៅពីជួយបំបាត់បញ្ហាព័ន្ធព័ន្ធនឹងប្រព័ន្ធរំលាយអាហារហើយនោះ តែរុក្ខជាតិនេះក៏មានប្រសិទ្ធភាពទប់ទល់ស្ត្រេសគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកអាចទទួលទានតែផ្កា Chamomile នៅមុនពេលចូលគេងដើម្បីឆាប់គេងលក់បានស្កប់។

៥. ទឹកដោះគោក្ដៅឧណ្ហៗ

ទឹកដោះគោត្រឹមតែ ១កែវមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន ជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបញ្ចេញដោយភាពតានតឹង ឬស្ត្រេស។

៦. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសម្បូរខ្លាញ់ក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាល​​​ដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។

៧. សូកូឡាខ្មៅ

សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

 ៨. ផ្លែចេក

ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមហើយនោះ ផ្លែចេកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B រួមទាំងសារធាតុ folate និងវីតាមីន B6 ដែលជួយក្នុងការផលិតអ័រម៉ូន serotonin បង្កើនអារម្មណ៍ល្អប្រសើរកាត់បន្ថយភាពតានតឹង។

៩. គ្រាប់ធញ្ញជាតិ

ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ហើយថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ រក្សាសុខភាពខួរក្បាល ក៏ដូចជាសសៃប្រសាទផងដែរ៕